បុគ្គលដែលជឿជាក់ថាខ្លួនបានជួបប្រទះការរើសអើង ឬការសងសឹកដោយសារតែវិធានការរបស់ Department of Health (DOH, ក្រសួងសុខាភិបាល) ឬបុគ្គលិក ឬអ្នកផ្ដល់សេវារបស់ក្រសួងនេះ អាចដាក់បណ្ដឹងតវ៉ាទៅ Civil Rights & ADA Program [កម្មវិធីក្រោម Americans with Disabilities Act (ច្បាប់ស្ដីពីជនពិការអាមេរិក) និងសិទ្ធិពលរដ្ឋ] ក្នុងចន្លោះពេល 180 ថ្ងៃចាប់ពីពេលកើតហេតុ។ ប្រសិនបើដាក់បណ្ដឹងតវ៉ាហួសរយៈពេលនេះ បុគ្គលនានានៅតែអាចទាក់ទងទៅលោក Javier Ruiz (អ្នកគ្រប់គ្រង Civil Rights & ADA Program) ដើម្បីទទួលបានការណែនាំ។
ការដាក់បណ្ដឹងតវ៉ា
អ្នកអាចដាក់បណ្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរដោយប្រើទម្រង់បែបបទបណ្ដឹង (PDF) តាមអ៊ីមែល ប្រៃសណីយ៍ មកផ្ទាល់ ឬតាមទូរសព្ទបាន។ DOH នឹងខិតខំក្នុងហេតុផលសមស្របដើម្បីជួយបុគ្គលដែលមានពិការភាព បុគ្គលមិនចេះនិយាយភាសាអង់គ្លេស និងអ្នកផ្សេងទៀតដែលពិបាកបំពេញបណ្ដឹងតវ៉ា។
នៅពេលសរសេរបណ្ដឹងតវ៉ា យកល្អគួររួមបញ្ចូលព័ត៌មានខាងក្រោម៖
- ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីមែល
- ការពណ៌នាអំពីការប្រព្រឹត្ត ឬហេតុការណ៍ និងកាលបរិច្ឆេទដែលបានកើតឡើង
- ការពន្យល់មូលហេតុដែលអ្នកជឿជាក់ថាការរើសអើងខុសច្បាប់បានកើតឡើង រួមទាំងមូលហេតុដែលអ្នកជឿជាក់ថាការប្រព្រឹត្ត ឬហេតុការណ៍នោះទាក់ទងនឹងក្រុមមនុស្សដែលត្រូវបានការពារ
- ការពណ៌នាអំពីវិធានការដែលអ្នកជឿជាក់ថា DOH អាចអនុវត្តដើម្បីដោះស្រាយបញ្ហានេះ
អ្នកអាចប្រើទម្រង់បែបបទបណ្ដឹងតវ៉ា (PDF) របស់ DOH ដែលបង្កើតឡើងសម្រាប់ជួយឱ្យអ្នកផ្ដល់ព័ត៌មានដែល DOH ត្រូវការដើម្បីវាយតម្លៃបណ្ដឹងតវ៉ារបស់អ្នក។
Washington State Department of Health Civil Rights & ADA Program
PO Box 47890 | Olympia, WA 98504-47890
(833) 428-3703 | Civil.Rights@doh.wa.gov
ដំណើរការនៃបណ្ដឹងតវ៉ា
នៅពេលទទួលបានបណ្ដឹងតវ៉ាហើយ បុគ្គលិកមកពី Civil Rights & ADA Program នឹងទាក់ទងទៅដើមបណ្ដឹងតវ៉ាក្នុងចន្លោះពេល 15 ថ្ងៃរាប់តាមប្រតិទិន ដើម្បីពិភាក្សាអំពីបញ្ហា។ មុនពេលបើកការស៊ើបអង្កេត Civil Rights & ADA Program នឹងត្រួតពិនិត្យបណ្ដឹងតវ៉ាដើម្បីកំណត់ថាតើបណ្ដឹងនោះស្ថិតក្នុងវិសាលភាព និងសិទ្ធិអំណាចរបស់ខ្លួនឬអត់។ ប្រសិនបើ Civil Rights & ADA Program បើកការស៊ើបអង្កេត ស្ថាប័ននេះនឹងត្រួតពិនិត្យភស្តុតាងពាក់ព័ន្ធទាំងអស់ សម្ភាសសាក្សី និងប្រឹក្សាជាមួយអ្នកជំនាញដែលចាំបាច់ ដើម្បីកំណត់វិធានការសមស្រប និងដំណោះស្រាយដែលអាចមាន។ លទ្ធផលស៊ើបអង្កេតនឹងផ្ដល់ជាលាយលក្ខណ៍អក្សរ ដែលរួមមានសេចក្ដីសង្ខេបនៃការរកឃើញ ការកំណត់ថាតើការរើសអើងបានកើតឡើងឬអត់ និងដំណោះស្រាយដែលត្រូវបានស្នើ ប្រសិនបើមាន។
ដំណោះស្រាយមិនផ្លូវការ
នៅពេលណាក៏បាន Civil Rights & ADA Program អាចព្យាយាមដោះស្រាយបណ្ដឹងតវ៉ាតាមរយៈការសម្រុះសម្រួល និងដំណោះស្រាយដែលឯកភាពគ្នាទាំងសងខាង។ ដំណើរការនៃដំណោះស្រាយមិនផ្លូវការនេះមិនដាក់កំហិត ឬបដិសេធសិទ្ធិរបស់ដើមបណ្ដឹងតវ៉ាក្នុងការបន្តបណ្ដឹងតវ៉ាផ្លូវការរបស់ខ្លួនទៅ DOH Civil Rights & ADA Program ឬទីភ្នាក់ងារអនុវត្តន៍ច្បាប់ខាងក្រៅនោះទេ។
លំដាប់លំដោយពេលចាត់ចែងបណ្ដឹងតវ៉ា
ជាធម្មតា បណ្ដឹងតវ៉ាលើការរើសអើង និងការសងសឹកត្រូវបានដោះស្រាយក្នុងចន្លោះពេល 90 ថ្ងៃក្រោយពេលដាក់រួច។ ប្រសិនបើត្រូវការពេលបន្ថែម នោះបុគ្គលិករបស់ Civil Rights & ADA Program នឹងជូនដំណឹងដល់ដើមបណ្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរ។
ជម្រើសបណ្ដឹងតវ៉ាបន្ថែម
ប្រសិនបើការឆ្លើយតបរបស់ក្រសួងមិនអាចដោះស្រាយបញ្ហាឱ្យដើមបណ្ដឹងតវ៉ាពេញចិត្តទេ គាត់នឹងត្រូវបានជម្រាបអំពីសិទ្ធិរបស់គាត់ក្នុងការដាក់បណ្ដឹងតវ៉ាទៅទីភ្នាក់ងារដែលពាក់ព័ន្ធផ្សេងទៀតដូចជា U.S. Department of Justice (ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក), U.S. Environmental Protection Agency (ទីភ្នាក់ងារការពារបរិស្ថាននៃសហរដ្ឋអាមេរិក), Department of Health and Human Services (ក្រសួងសុខាភិបាល និងសេវាជួយមនុស្ស) ឬ Washington State Human Rights Commission (គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋវ៉ាស៊ីនតោន)។
ការសងសឹក
Civil Rights & ADA Program ក៏នឹងត្រួតពិនិត្យបណ្ដឹងតវ៉ាដែលចោទប្រកាន់អំពីការសងសឹក ដែលបុគ្គលម្នាក់បានជួបផលវិបាកអវិជ្ជមាន ឬសកម្មភាពប្រឆាំងដោយ DOH ឬបុគ្គលិក ឬអ្នកផ្ដល់សេវារបស់ខ្លួន ដោយសារតែការចូលរួមក្នុងសកម្មភាពដែលត្រូវបានការពារ។ សកម្មភាពដែលត្រូវបានការពារអាចរួមមានដូចជា ការដាក់បណ្ដឹងតវ៉ាលើការរើសអើង ការចូលរួមក្នុងការស៊ើបអង្កេត ឬការការពារសិទ្ធិរបស់បុគ្គលម្នាក់ស្របតាមច្បាប់សិទ្ធិពលរដ្ឋ។
ដំណោះស្រាយចំពោះបណ្ដឹងតវ៉ា
ចុងក្រោយ Civil Rights & ADA Program នឹងត្រួតពិនិត្យដំណើរការនៃដំណោះស្រាយដើម្បីធានាថាវិធានការដែលបានឯកភាពគ្នាត្រូវបានអនុវត្តក្នុងពេលដែលបានកំណត់។