ការកសាង​ទំនុកចិត្ត​ និង​ការលុបបំបាត់គំនិតយល់ខុស

អ្នកអាច​មានទំនុកចិត្ត​ទៅលើ​វ៉ាក់សាំង COVID-19!

មនុស្ស​ភាគច្រើន​នៅក្នុង​សហរដ្ឋ​អាមេរិក​ កំពុង​រៀបចំ​ផែន​ចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 ប៉ុន្តែ​អ្នកខ្លះ​ទៀត​អាច​នឹង​ចង់​បាន​ព័ត៌មាន​បន្ថែម​ទៀត​មុនពេលចាក់​​វ៉ាក់សាំង​។​ នេះ​គឺរឿង​ធម្មតាទៅហើយ​។ យើង​គ្រប់រូប​សុទ្ធតែចង់​មាន​ទំនុកចិត្ត​ក្នុងការ​ធ្វើសេចក្តីសម្រេចចិត្ត​ណាមួយ​ដែល​មានឥទ្ធិ​ពល​ដល់​ជីវិតរបស់​យើង​។

ដើម្បី​មានទំនុកចិត្ត​​ យើងត្រូវការ​ព័ត៌មាន​ពីប្រភព​ដែលអាច​ទុកចិត្ត​បាន​។ ជួយ​មិត្ត​ភក្តិ​និង​គ្រួសារ​របស់​អ្នក​ឲ្យបែងចែក​ភាព​ខុសគ្នា​រវាង​ពាក្យ​ចចាមអារ៉ាម​ និង​ព័ត៌មានពិត​អំពី​វ៉ាក់សាំង COVID-19។​

 

 

អ្នកអាច​ជួយឲ្យ​មនុស្ស​មានទំនុកចិត្ត​​នៅក្នុងការសម្រេចចិត្ត​របស់ពួកគេ​ក្នុងការ​ចាក់​​វ៉ាក់សាំង។ អ្នកអាច​ធ្វើរឿង​នេះ​បាន​តាមរយៈ៖

អ្នកមានសមត្ថភាពក្នុងការ​មានឥទ្ធិពល​ទៅលើមនុស្ស​នៅជុំ​វិញ​ខ្លួនអ្នក​ តាមរយៈអ្វីដែលអ្នក​និយាយ និង​អ្វីដែលអ្នកធ្វើ​។ មើល​គន្លឹះ​ទាំងនេះ​ ស្តីពី​​ របៀប​ពិភាក្សា​អំពី​វ៉ាក់សាំង​ COVID-19 ជាមួយមិត្ត​ភក្តិ​និង​គ្រួសារ​ (ជា​ភាសាអង់គ្លេសតែប៉ុណ្ណោះ​) (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)។

មើល​ព័ត៌មានអំពី​វ៉ាក់សាំង​ខាងក្រោម​ និង​ចែករំលែក​ព័ត៌មាននេះ​ទៅដល់​មនុស្ស​ដែលអ្នកស្គាល់​។ យើងបាន​បែងចែក​ព័ត៌មានទាំងនេះ​​ទៅជា​ផ្នែកនានា​នៃ​​ប្រធានបទពេញ​និយម​។

សុវត្ថិភាព & ស័ក្តិសិទ្ធភាព

ហេតុអ្វីបានជា​មានបញ្ហា ករណីដែល​ខ្ញុំ​ទទួលវ៉ាក់សាំង COVID-19 ឬអត់នោះ?

វាជា​ជម្រើសផ្តាច់មុខរបស់អ្នក​ក្នុងការ​ទទួល​វ៉ាក់សាំង COVID-19 ប៉ុន្តែ​ យើង​ត្រូវ​ការ​ឲ្យ​មនុស្ស​ច្រើននាក់តាមដែល​អាច​ធ្វើបាន​ ទៅទទួល​វ៉ាក់សាំង​ ដើម្បីបញ្ចប់​ជំងឺ​រាតត្បាតនេះ​។ វីរុស​ COVID-19 ពិបាក​នឹងឆ្លងរាលដាល ​នៅពេល​មនុស្ស​ជាច្រើននៅក្នុង​សហគមន៍មានភាព​ស៊ាំ​ទៅនឹង​ជំងឺ​ – តាមរយៈការចាក់វ៉ាក់សាំង ឬ ការឆ្លង​ជំងឺ​នាពេលថ្មីៗ​។ អត្រាចាក់វ៉ាក់សាំងរបស់​យើងកាន់តែ​ខ្ពស់ អត្រា​ឆ្លងជំងឺ​របស់យើង​កាន់តែទាប។​

មនុស្សដែល​មិន​បាន​ចាក់វ៉ាក់សាំង​ទេ​ នៅតែអាចឆ្លង​វីរុស​ និង​ចម្លង​វីវុស​នេះ​ទៅអ្នកដទៃ។ មនុស្ស​មួយចំនួន​មិនអាច​ទទួល​វ៉ាក់សាំងបានទេ​​ ដោយសារហេតុផលវេជ្ជសាស្ត្រ​មួយចំនួន​ ហើយនេះ​អាច​ឲ្យពួកគេ​ងាយរង​គ្រោះយ៉ាង​ខ្លាំង​ទៅនឹង​ជំងឺ COVID-19។​​ ប្រសិនបើអ្នកមិន​បាន​ចាក់វ៉ាក់សាំងទេ អ្នក​ក៏មានហានិភ័យ​កាន់តែ​ខ្ពស់​​ប្រឈម​ទៅនឹង​ការចូលសម្រាក​ពេទ្យ​ ឬ​ការស្លាប់​ដោយសារ វ៉ារ្យង់​ COVID-19 (ជា​ភាសាអង់គ្លេស​តែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំង​មិនត្រឹមតែការពារ​អ្នកប៉ុណ្ណោះទេ តែថែមទាំងការពារគ្រួសារ អ្នកជិតខាង​ និង​សហគមន៍របស់​អ្នក​ផងដែរ​។

ហេតុអ្វី​ខ្ញុំគួរទទួល​វ៉ាក់សាំង COVID-19 ប្រសិនបើមនុស្សភាគច្រើនអាច​រួចផុត​ពីជំងឺនេះ​?

មនុស្ស​ភាគច្រើនដែល​មានជំងឺ​ COVID-19 មានរោគសញ្ញា​ស្រាល​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ​វីរុស​នេះ​ពិតជា​មិនអាច​ព្យាករណ៍​បានឡើយ​ ហើយយើង​ដឹង​ថា​ វ៉ារ្យ៉ង់​ COVID-19 មួយចំនួនអាចធ្វើ​ឲ្យអ្នក​ឈឺកាន់​តែខ្លាំង​។ មនុស្ស​មួយចំនួន​អាចធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ ឬ​ស្លាប់​ដោយសារ COVID-19 សូម្បីតែ​មនុស្ស​វ័យក្មេង​ដែល​មិន​មានស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​ក៏ដោយ​។​​​ មនុស្ស​មួយចំនួន​ទៀត ត្រូវបាន​ស្គាល់ថា​ជា​ “ក្រុមអ្នកធ្លាប់កើត​ជំងឺ ​COVID” អាចនឹង​មាន​រោគសញ្ញា​ដែល​កើត​មាន​រយៈពេលច្រើនខែ​ និង​ប៉ះពាល់ដល់​គុណភាព​ជីវិតរស់នៅរបស់ពួកគេ​។ យើង​ក៏មិនដឹង​ដែរ​អំពី​ការប៉ះពាល់រយៈពេលវែងទាំងអស់​​នៃ​ជំងឺ COVID-19 ដោយសារតែ​វាជាមេរោគ​ថ្មី​។ ការចាក់វ៉ាក់សាំង​ គឺជា​ការបង្ការ​ដ៏ល្អបំផុតរបស់​យើង​ប្រឆាំង​ទៅនឹង​វីរុស​នេះ​។

តើ​វ៉ាក់សាំងទាំងនេះពិតជា​មានសុវត្ថិភាព ឬប្រសិទ្ធភាព​ដែរឬទេ​?

បាទ/ចាស​ វ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាព និងប្រសិទ្ធភាព។ អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើតេស្ត​វ៉ាក់សាំងនានា​ទៅលើ​អ្នកចូលរួមជាច្រើន​ពាន់​នាក់​ នៅក្នុងការសាកល្បងតាមបែបវេជ្ជសាស្ត្រ។ វ៉ាក់សាំងទាំងនោះគឺបំពេញទៅតាមស្ដង់ដារបស់ U.S. Food and Drug Administration (FDA, រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​)​ សម្រាប់​សុវត្ថិភាព​ ប្រសិទ្ធភាព​ និងគុណភាពផលិតកម្មដែលចាំបាច់​ដើម្បីគាំទ្រ​ការអនុញ្ញាតឲ្យប្រើប្រាស់​ក្នុងគ្រាមានអាសន្ន។ វ៉ាក់សាំងទាំងនោះ​ត្រូវបាន​គេ​បញ្ជាក់ថា​ល្អខ្លាំងណាស់​ក្នុងការ​បង្ការ​កុំឲ្យ​មនុស្ស​ធ្លាក់ខ្លួនឈឺជំងឺ COVID-19។ ចាប់ពីពេលនោះមក វ៉ាក់សាំងទាំងនេះ​ត្រូវបាន​ផ្តល់ជូន​យ៉ាង​មានសុត្ថិភាព​ទៅដល់​មនុស្ស​រាប់លាននាក់​។

ទស្សនា​​ វីដេអូទាំងនេះ​ ដើម្បី​ស្វែងយល់បន្ថែម​អំពី​របៀប​ផលិត​វ៉ាក់សាំង COVID-19៖

តើវ៉ាក់សាំងមានសុវត្ថិភាព​សម្រាប់កូនខ្ញុំដែរឬទេ​?

បាទ/ចាស។ វ៉ាក់សាំង Pfizer ត្រូវបានធ្វើតេស្ត​លើ​យុវជន​​រាប់ពាន់នាក់​ និង​បង្ហាញ​ថា​មានសុវត្ថិភាព​។ វាក៏មាន​ប្រសិទ្ធភាព​ខ្លាំង​ផងដែរ​ – គ្មាន​យុវជន​ឬ​អ្នកស្ម័គ្រចិត្ត​ណាម្នាក់​ដែល​ទទួល​វ៉ាក់សាំង​នេះរួច​ បានកើត​ជំងឺ ​COVID-19 ទេ​។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​) បានណែនាំ​វ៉ាក់សាំង​ COVID-19 ទៅដល់​ មនុស្ស​គ្រប់រូប​ដែលមានអាយុ​ 6 ខែឆ្នាំ​ឡើង​ទៅ​ (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)

តើខ្ញុំ​អាច​ជឿទុកចិត្ត​ថា​​វ៉ាក់សាំងមានសុវត្ថិភាពដែរឬទេ​?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ) បាន​ពង្រីក និង​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​តាមដាន​សុវត្ថិភាព​វ៉ាក់សាំង ដើម្បី​ឱ្យ​ប្រាកដ​ថា​វ៉ាក់សាំង​ជំងឺ COVID-19 មាន​សុវត្ថិភាព។ ជា​លទ្ធផល អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​វ៉ាក់សាំង​អាច​តាមដាន និង​រក​ឃើញ​បញ្ហា​ដែល​ប្រហែលជា​មិនបាន​រក​ឃើញ​អំឡុង​ពេល​ពិសោធ​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង​ជំងឺ COVID-19។

តើខ្ញុំអាចមានជំងឺ​ COVID-19 ដោយសារ​វ៉ាក់សាំង​ COVID-19 ដែរឬទេ​?

ទេ អ្នកមិនអាចមាន​ជំងឺ COVID-19 ដោយសារតែវ៉ាក់សាំងនោះទេ។ វ៉ាក់សាំង COVID-19 មិនផ្ទុកវីរុស​ដែលបង្កឲ្យកើតជំងឺ COVID-19 នោះទេ។

តើ​ខ្ញុំចាំបាច់ត្រូវ​ទទួល​​វ៉ាក់សាំងនេះ​ដែរឬទេ​ ប្រសិនបើខ្ញុំបានកើត​ជំងឺ COVID-19 រួចហើយ?

បាទ/ចាស អ្នកនៅតែគប្បីត្រូវចាក់វ៉ាក់សាំង ប្រសិនបើអ្នកបានកើតជំងឺ COVID-19 រួចហើយ។ ទិន្នន័យបង្ហាញថា ការ​ឆ្លងជំងឺ COVID-19 សាជាថ្មីគឺកម្រកើតមាន​ណាស់ ក្នុងរយៈពេល 90ថ្ងៃបន្ទាប់ពីអ្នកបានឆ្លងជំងឺ។ នោះមានន័យថា​ អ្នកអាចនឹង​មានការការពារពីជំងឺ COVID-19 ខ្លះៗហើយ (ដែលហៅថាភាពស៊ាំធម្មជាតិ) សម្រាប់រយៈពេលខ្លី។ ប៉ុន្តែ យើងមិនដឹងថា​តើភាពស៊ាំពីធម្មជាតិ​មានរយៈពេលយូរប៉ុណ្ណា​នោះទេ។ ស្វែងយល់បន្ថែម​អំពី​មូលហេតុដែល​អ្នក​គួរតែ​បន្ត​ ចាក់វ៉ាក់សាំង​ជាមួយនឹង​វ៉ាក់សាំង COVID-19 (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)។

តើការចាក់វ៉ាក់សាំង និងភាពស៊ាំមានភាពខុសគ្នាដូចម្តេចខ្លះ?

ភាពស៊ាំពីធម្មជាតិដែលការពារការឆ្លងរោគពិតជាផ្ដល់ភាពស៊ាំទល់នឹងការឆ្លងរោគឡើងវិញបានមួយកម្រិតមែន ប៉ុន្តែប្រការសំខាន់គឺត្រូវសង្កត់ធ្ងន់ថា ការឆ្លងរោគដំបូងក្នុងចំណោមបុគ្គលដែលមិនបានចាក់វ៉ាក់សាំង មានហានិភ័យកាន់តែខ្ពស់ដល់ថ្នាក់ឈឺធ្ងន់ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន។ មនុស្សមួយចំនួនអាចបង្កើតអង់ទីករបន្ទាប់ពីឆ្លងជំងឺ COVID-19 ប៉ុន្តែមនុស្សមួយចំនួនទៀតមិនអាចនោះទេ។ សម្រាប់បុគ្គលដែលបង្កើតភាពស៊ាំបានខ្លះបន្ទាប់ពីឆ្លងជំងឺ គេមិនអាចដឹងថាវាការពារបានខ្លាំងកម្រិតណា ការពារបានយូរប៉ុនណា ឬមានភាពស៊ាំទល់នឹងរវីរុសបំប្លែងខ្លួនមួយណាឡើយ។

ដោយសារយើងមិនអាចពឹងផ្អែកលើភាពស៊ាំពីធម្មជាតិដើម្បីបង្ការការឆ្លងជំងឺឡើងវិញ ឬឈឺធ្ងន់ដោយសារជំងឺ COVID-19 ទើបការចាក់វ៉ាក់សាំងទាន់ពេលវេលានៅតែជាវិធីការពារដ៏ល្អបំផុត និងជាយុទ្ធសាស្ត្រចម្បងក្នុងការបង្ការកុំឱ្យឆ្លងវីរុស SARS-COV-2 ជំងឺពាក់ព័ន្ធ និងការចម្លងបន្តទៀត។

សុខភាព​បន្តពូជ

តើ​ខ្ញុំនឹង​អាច​មានកូនដែរឬទេ​ ប្រសិនបើ​ខ្ញុំ​ទទួល​វ៉ាក់សាំង​ COVID-19?

បាទ/ចាស។ ការព្រួយបារម្ភរបស់អ្នកជុំវិញសុខភាពបន្តពូជ និងវ៉ាក់សាំង គឺអាចយល់បាន។ នេះជាអ្វីដែលយើងដឹង៖ មិនមានភ័ស្តុតាងវិទ្យាសាស្ត្រ​ដែលបង្ហាញថា​វ៉ាក់សាំង​បណ្ដាលឲ្យមិនអាចមានកូនបាន​ ឬអសមត្ថភាព​ផ្លូវភេទ​នោះទេ​។ នៅពេលដែលវ៉ាក់សាំងចូលដល់ក្នុងរាងកាយរបស់អ្នក វានឹងធ្វើការជាមួយ​ប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីបង្កើត​អង្គបដិបក្ខប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹង​វីរុសកូរ៉ូណា។ ដំណើរការនេះ​មិនពាក់ព័ន្ធ​នឹង​សរីរាង្គ​បន្តពូជរបស់អ្នកទេ។

American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យអាមេរិកាំង​ឯកទេស​សម្ពព​និង​រោគស្រ្តី​) ណែនាំ​វ៉ាក់សាំង​ COVID-19 ដល់មនុស្ស​គ្រប់គ្នា​ដែល​អាច​ចង់មាន​ផ្ទៃ​ពោះ​នៅពេលអនាគត​ ឬ​កំពុងមានផ្ទៃ​ពោះ​ ឬ​កំពុង​បំបៅដោះកូន​។ មនុស្ស​ជាច្រើនដែល​បានចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ចាប់តាំងពីពេលនោះមក បាន​មានផ្ទៃពោះ ឬ​សម្រាលកូន​ដែលមានសុខភាព​ល្អ​។

ដើម្បី​មើល​ធនធាន​ច្រើន​ទៀត​អំពី​ការ​ចាក់​វ៉ាក់សាំង​ជំងឺ COVID-19 ខណៈ​ពេល​មានផ្ទៃពោះ និង​កំពុង​បំបៅ​ដោះ​កូន សូម​មើល​ព័ត៌មាន​ថ្មីៗនៅ​លើ​គេហទំព័រ​ One Vax, Two Lives

តើវ៉ាក់សាំងមានសុវត្ថិភាព​សម្រាប់មនុស្ស​ដែលមានផ្ទៃពោះ​ដែរឬទេ​?

បាទ/ចាស​ អ្នកអាច​ចាក់វ៉ាក់សាំង ប្រសិនបើ​មានផ្ទៃ​ពោះ​ ហើយ​ American College of Obstetricians and Gynecologists (ACOG) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ​) (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ) ណែនាំ​វ៉ាក់សាំង​នេះ​ទៅដល់​អ្នកដែលមានផ្ទៃពោះ។ មិនមានភ័ស្តុតាងបង្ហាញថា វ៉ាក់សាំងជំងឺ COVID-19 បង្កឲ្យមានបញ្ហាណា​មួយ​ជាមួយនឹងការមានផ្ទៃពោះ ការលូតលាស់​របស់​កូន កំណើត​ ឬ​លទ្ធភាព​អាច​មានកូនបាន​នោះ​ទេ។

ដើម្បី​មើល​ធនធាន​ច្រើន​ទៀត​អំពី​ការ​ចាក់​វ៉ាក់សាំង​ជំងឺ COVID-19 ខណៈ​ពេល​មានផ្ទៃពោះ និង​កំពុង​បំបៅ​ដោះ​កូន សូម​មើល​ព័ត៌មាន​ថ្មីៗនៅ​លើ​គេហទំព័រ​ One Vax, Two Lives

តើវ៉ាក់សាំងមានសុវត្ថិភាព​សម្រាប់មនុស្ស​ដែលបំបៅដោះកូន​​ដែរឬទេ​?

បាទ/ចាស​ អ្នកអាច​ទទួលការចាក់វ៉ាក់សាំងបាន ប្រសិនបើអ្នកកំពុងបំបៅដោះកូន។ អ្នកមិនចាំបាច់បញ្ឈប់ការបំបៅដោះកូននោះទេ ប្រសិនបើអ្នកចង់ចាក់វ៉ាក់សាំង។ តាមពិតទៅ របាយការណ៍មុនៗណែនាំថា​ វ៉ាក់សាំង​អាចជួយឲ្យរាងកាយរបស់អ្នកឲ្យ​បញ្ជូនអង្គបដិបក្ខប្រាណ​ទៅកាន់​កូនរបស់អ្នកបានតាមរយៈទឹកដោះម្ដាយ។ ចាំបាច់ត្រូវមានការសិក្សាបន្ថែម ប៉ុន្តែប្រសិនបើករណីនេះត្រូវបាន​បញ្ជាក់ គឺវានឹងជួយការពារ​កូន​របស់អ្នកពីជំងឺ COVID-19។

អានបន្ថែមទៀត​អំពី​របៀប​ ដែលវ៉ាក់សាំង​ COVID-19 ការពារម្តាយ​និង​កូនទើបកើត​របស់ពួកគេ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)។

តើវ៉ាក់សាំងនេះ​នឹង​ផ្លាស់ប្តូរ​វដ្ត​រដូវ​របស់​ខ្ញុំដែរឬទេ​?

មនុស្ស​មួយចំនួន​បានរាយការណ៍អំពីការ​ប្រែប្រួល​វដ្ត​រដូវ​របស់ពួកគេ​ ក្រោយពេល​ចាក់វ៉ាក់សាំង​ ប៉ុន្តែ​គ្មានទិន្នន័យ​បច្ចុប្បន្នណាមួយ​បង្ហាញ​ថា​ការប្រែប្រួល​ទាំង​នេះ​ជាផលប៉ះពាល់​រយៈពេលវែង​នោះទេ​។ វដ្តរដូវ​​អាច​ប្រែប្រួល​ដោយសារ​អ្វីៗផ្សេងៗ​ជាច្រើន ដូចជា​ជំងឺស្ត្រេ​ស​ជា​ដើម។

សារធាតុ​ផ្សំ

តើមាន​សារធាតុផ្សំ​អ្វីខ្លះ​​នៅក្នុងវ៉ាក់សាំង?​

អ្នកអាច​នឹង​មើលឃើញ​ពាក្យចរចាមអារ៉ាម​ និង​សារធាតុផ្សំ​មិនពិត​ដែល​មានរៀបរាប់​តាមអនឡាញ​ ឬនៅលើ​បណ្តាញ​ព័ត៌មានសង្គម​។ ជាទូទៅ ទាំងនេះជា​ការយល់ឃើញ​មិនត្រូវ​ទេ​។ សារធាតុ​ផ្សំ​នៅក្នុង​វ៉ាក់សាំង​ COVID-19 (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) គឺធម្មតា​បំផុត​សម្រាប់​វ៉ាក់សាំង។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ឬ អាដេណូវីរុស​ដែលបានកែប្រែ​​ជាមួយនឹង​សារធាតុ​ផ្សេងទៀត​ដូចជា​ខ្លាញ់ អំបិល និងស្ករ ដើម្បីការពារសារធាតុផ្សំសកម្ម​ ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារ​វ៉ាក់សាំង​នៅអំឡុងពេល​រក្សា​ទុក​និង​ការដឹកជញ្ជូន​។

វ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19 គឺជាវ៉ាក់សាំងផ្សំឡើងពីប្រភេទរងនៃប្រូតេអ៊ីនដែលមានសារធាតុបន្ថែម រួមជាមួយជាតិខ្លាញ់និងស្ករ ដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ វ៉ាក់សាំងនេះមិនប្រើ mRNA ទេ។

មើលតារាង​សារធាតុផ្សំ​ទាំងស្រុង​នៅក្នុង​តារាង​ព័ត៌មានវ៉ាក់សាំងប្រភេទ​​ Pfizer, Moderna (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ), Novavax និង​ Johnson & Johnson

តើវ៉ាក់សាំង Johnson & Johnson មានផ្ទុកជាលិការបស់ទារកនៅក្នុងគភ៌ដែរឬទេ?

វ៉ាក់សាំង COVID-19 ប្រភេទ​​ Johnson & Johnson ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានឹងបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាច្រើន​ផ្សេងទៀតដែរ។ វ៉ាក់សាំងមិនផ្ទុកនូវផ្នែកនៃ​ទារកក្នុងគភ៌ ឬកោសិកាទារកក្នុងគភ៌នោះទេ​។ ចំណែកមួយនៃ​វ៉ាក់សាំង​នេះ ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ការចម្លង​កោសិកា​ដែលបណ្តុះ​នៅក្នុង​មន្ទីរពិសោធន៍​ដែល​មានប្រភព​ដើមមកពីការរំលូត​កោសិកាតាមការជ្រើសរើស​ ដែល​បានកើតឡើង​ជាង​ 35ឆ្នាំ​មុន​។​ បន្ទាប់ពីពេលនោះមក ការបណ្ដុះកោសិកាសម្រាប់វ៉ាក់សាំងទាំងនេះ​ត្រូវបាន​រក្សាទុក​នៅក្នុងមន្ទីរពិសោធន៍។ មិនមានប្រភពកោសិកាទារកនៅក្នុងគភ៌បន្ថែមទៀតត្រូវបានប្រើប្រាស់​ដើម្បី​បង្កើត​វ៉ាក់សាំងទាំងនេះទេ។ ព័ត៌មាននេះអាចនឹងជាព័ត៌មានថ្មីសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែ វ៉ាក់សាំង​ជំងឺអុតស្វាយ រូបេឡា និង​ជំងឹ​ថ្លើម​ប្រភេទ​ A ក៏ត្រូវបាន​បង្កើត​ឡើង​ក្នុងរបៀប​ដូចគ្នានេះផងដែរ​។

តើវ៉ាក់សាំង​នេះ​មានផ្ទុក​មីក្រូឈីប​ដែរឬទេ?

ទេ​ វ៉ាក់សាំងមិនមានផ្ទុកមីក្រូឈីប ឬឧបករណ៍តាមដាននោះទេ។ ពួកវា​មានផ្ទុកតែសារធាតុផ្សំសកម្ម​មួយដែលជួយរាងកាយរបស់អ្នកឲ្យបង្កកើតអង្គបដិបក្ខប្រាណ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 បូកជាមួយនឹង​ខ្លាញ់ អំបិល និងស្ករ។

តើ​វ៉ាក់សាំង COVID-19 ធ្វើ​ឲ្យ​ខ្ញុំ​មានកម្លាំង​ម៉ាញេទិច​ដែរឬទេ​?

ទេ​ អ្នកមិនមានកម្លាំង​ម៉ាញេទិច​ទេ​​ ប្រសិនបើអ្នកទទួលវ៉ាក់សាំងជំងឺ COVID-19។ វ៉ាក់សាំង​មិន​មានផ្ទុក​សារធាតុផ្សំ​ដែល​អាច​ធ្វើឲ្យមានដែន​អេឡិចត្រូម៉ាញេទិច​ទេ ហើយ​ពួកវាគ្មាន​សារធាតុលោហៈនោះទេ​។ អ្នកអាច​មើលតារាង​សារធាតុផ្សំ​ទាំងស្រុង​នៅក្នុង​ប័ណ្ណ​​ព័ត៌មានវ៉ាក់សាំងប្រភេទ​​ Pfizer, Moderna (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ), និង​ Johnson & Johnson។ សម្រាប់ព័ត៌មានបន្ថែម។

ក្តី​បារម្ភអំពីសុខភាពផ្សេងៗ

តើខ្ញុំអាច​មានបញ្ហា​​​ឈាមកក​ដែល​បណ្តាលមកពី​វ៉ាក់សាំង​នេះ​ដែរឬទេ​?​

ហានិភ័យបញ្ហា​ឈាម​កក​ គឺ​មានអត្រាទាបខ្លាំងណាស់។ ចំនួន​មនុស្សដែល​មានអាការៈឈាមកក​​បន្ទាប់ពី​ចាក់វ៉ាក់សាំង​ Johnson & Jonhson គឺមាន​អត្រាទាបខ្លាំងណាស់​ បើប្រៀបធៀបទៅនឹង​មនុ​ស្សរាប់លាននាក់​ដែលបានចាក់វ៉ាក់សាំង ​ហើយមិនមានបញ្ហា​ឈាមកកទេ​។ ឧទាហរណ៍៖ ហានិភ័យ​គឺទាប​ជាង​ការប្រើប្រាស់មធ្យោបាយពន្យារកំណើត​ដែល​ស្ត្រី​រាប់លាន​នាក់​បានប្រើប្រាស់រាល់ថ្ងៃនេះឆ្ងាយណាស់។ ស្វែងរក​ចម្លើយ​ទៅនឹង​សំណួរ​អំពី​ ការពន្យារកំណើត និង​វ៉ាក់សាំង​​ COVID-19 ប្រភេទ​ Johnson & Johnson និង​ចម្លើយ​ជាច្រើនផ្សេងទៀត (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)។

អ្នកអាច​ពិភាក្សាជាមួយ​អ្នកផ្តល់ការថែទាំសុខរបស់អ្នក អំពី​ហានិភ័យ​របស់អ្នក​។ របាយការណ៍ភាគច្រើនពីបញ្ហាឈាមកកក្រោយពេលទទួលវ៉ាក់សាំង Johnson & Johnson គឺមានទៅលើស្ដ្រីពេញវ័យដែលមានអាយុតិចជាង50ឆ្នាំ។ ប្រសិនបើអ្នកជាស្ដ្រីដែលមានអាយុពី18ទៅ50ឆ្នាំ អ្នកគួរតែប្រុងប្រយ័ត្នព្រោះអ្នកអាចមានហានីភ័យខ្ពស់ក្នុងការជួបបញ្ហាឈាមកកដែលអាចបណ្ដាលឱ្យអ្នកបាត់បង់ជីវិត។ ក្តីបារម្ភ​អំពី​បញ្ហា​ឈាមកក​ មានជាប់ពាក់ព័ន្ធ​តែ​ជាមួយនឹង​វ៉ាក់សាំង​ COVID-19 ប្រភេទ​ Johnson & Johnson តែ​ប៉ុណ្ណោះ​ មិនពាក់ព័ន្ធនឹង​វ៉ាក់សាំង​ប្រភេទ​ Pfizer ឬ​ Moderna នោះទេ​។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពី​ការចាក់វ៉ាក់សាំង Jonhson & Jonhson នោះសុំ​ស្នើសុំ​អ្នកផ្តល់សេវា​នូវ​វ៉ាក់សាំងប្រភេទ​​ Moderna ឬ Pfizer ជាជំនួស​។

តើខ្ញុំ​គួរតែ​មាន​ក្តី​បារម្ភ​អំពី​ជំងឺ​រលាកសាច់ដុំ​បេះដូង​ ឬជំងឺ​រលាកស្រោម​បេះដូង​​ដែរឬទេ​?

ករណី​ជំងឺ​រលាកសាច់ដុំ​បេះ​ដូង​ (ការហើម​នៃ​សាច់ដុំ​បេះដូង​) និង​ជំងឺ​រលាក​ស្រោម​បេះដូង​ (ការហើមស្រទាប់​ភ្នាស​បេះ​ដូង) ក្រោយ​ពេលចាក់វ៉ាក់សាំង​ COVID-19 គឺ​កម្រ​កើតមាន​ណាស់​។ ​​ មនុស្ស​មួយ​ចំនួនតូចតែ​ប៉ុណ្ណោះ​ អាច​នឹង​មាន​បញ្ហានេះ​ក្រោយការចាក់វ៉ាក់សាំង​។ សម្រាប់អ្នកដែលមានរោគសញ្ញា​ស្រាល​នៅក្នុង​ករណីភាគ​ច្រើន ដែល​ច្រើនតែ​កើត​លើ​មនុស្ស​ជំទង់​និង​មនុស្សវ័យក្មេង និង​មនុស្ស​ដែល​ជាសះស្បើយ​ជាធម្មតា​ដោយខ្លួន​ឯង​ ឬ​ដោយមានការព្យាបាល​តិចតួច​។​​​ ជំងឺ​រាកសាច់ដុំ​បេះដូង​ និង​ជំងឺ​ហើមស្រោមបេះ​ដូង​ កើត​មានជាទូទៅ​ភាគច្រើន​ ប្រសិនបើអ្នក​ធ្លាក់ខ្លួនឈឺ​ដោយសារ​ជំងឺ COVID-19។​

គិត​មកត្រឹម​ថ្ងៃ​ទី​30 ខែ​កក្កដា​ ឆ្នាំ​2021 ក្នុង​ចំណោមរបាយការណ៍​តិចជាង​1500 ក្នុង Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធ​រាយការណ៍​អំពីហេតុការណ៍​គ្រោះថ្នាក់អវិជ្ជមាននៃ​វ៉ាក់សាំង​), មាន​ តែករណីឆ្លងចំនួន​​ 699 ករណីប៉ុណ្ណោះ​នៅក្នុង​សហរដ្ឋ​អាមេរិក​ (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)ខណៈពេល​ដែល​មនុស្ស​ជាង​ 177លាននាក់​បាន​ទទួល​វ៉ាក់សាំង​ COVID-19 យ៉ាងតិច​ចំនួន​មួយដូស​។

អ្នកអាច​ពិភាក្សាជាមួយ​វេជ្ជ​បណ្ឌិត​របស់អ្នក អំពី​ហានិភ័យ​របស់អ្នក​។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ណាមួយ​ក្រោយចាក់វ៉ាក់សាំង​ អ្នកអាច​រាយការណ៍​អំពីពួកវា​ទៅកាន់​ VAERS (ជាភាសា​​អង់គ្លេស​តែប៉ុណ្ណោះ)។

ស្វែងយល់បន្ថែមអំពី​ ជំងឺ​រលាកសាច់ដុំ​បេះ​ដូង​​ និង​ជំងឺ​រលាកស្រោម​បេះដូង​ ក្រោយពេលចាក់វ៉ាក់សាំង​ COVID-19 (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ)។

តើខ្ញុំ​អាចទទួល​វ៉ាក់សាំង​បានទេ ប្រសិនបើ​ខ្ញុំ​មាន​ស្ថានភាព​សុខភាព​ពីមុនមកស្រាប់​?

មនុស្ស​ភាគច្រើនដែលមាន​ស្ថានភាព​សុខភាព ឬ​ស្ថានភាព​វេជ្ជសាស្រ្ត​ពីមុនមក​ស្រាប់​ អាច​ទទួលវ៉ាក់សាំង COVID-19 ​បាន​។ សូមអនុញ្ញាតឲ្យ​អ្នក​ផ្តល់ការថែទាំ​សុខភាព​របស់អ្នក​ដឹង​អំពី​រាល់ស្ថានភាពប្រតិកម្ម​​អាឡាក់ស៊ី និង​ស្ថានភាព​សុខភាព​ផ្សេងទៀត​របស់អ្នក​។ តាមពិត​ ស្ថានភាព​សុខភាព​ដែល​មានស្រាប់​ជាច្រើន ធ្វើ​ឲ្យអ្នក​ប្រឈម​ទៅ​នឹង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងបណ្តាលមកពី​ជំងឺ​ COVID-19 ដូច្នេះ​ វ៉ាក់សាំង​នេះ​រឹតតែ​មានសារៈសំខាន់​ក្នុងការ​ការពារ​អ្នក​ពីការធ្លាក់ខ្លួន​ឈឺ​។

ក្រុម​មនុស្ស​ជាក់លាក់ទាំងនេះ​ អាច​នឹង​ទទួលបាន​វ៉ាក់សាំង COVID-19៖

ប្រសិនបើអ្នក​មាន​ប្រវត្តិធ្លាប់កើត​មាន​ប្រតិកម្មអាឡាក់ស៊ី​ធ្ងន់ធ្ងរ​ ឬ​គិត​ថា​អ្នក​អាច​នឹង​មាន​ប្រតិតកម្ម​អាឡាក់ស៊ី​ទៅនឹង​សារធាតុផ្សំ​វ៉ាក់សាំង​ សូម​អា​ន​អំពី​ វ៉ាក់សាំង​ COVID-19 សម្រាប់អ្នកដែលមាន​ប្រតិកម្មអាឡាក់ស៊ី​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ)។ ប្រតិកម្មថ្នាំក្រោយចាក់វ៉ាក់សាំង​ COVID-19 (ជាភាសាអង់គ្លេសតែ​ប៉ុណ្ណោះ​) គឺកម្រកើត​មានណាស់​ ហើយ​បានកើត​មានលើ​មនុស្ស​​ប្រមាណតែ​ 2 ទៅ​ 5នាក់​ប៉ុណ្ណោះ​ ក្នុងចំណោម​​មនុស្ស​រាប់លាន់អ្នក​ដែល​បានចាក់វ៉ាក់សាំង​នៅក្នុង​សហរដ្ឋ​អាមេរិក​។

ព័ត៌មាន​នេះ​(ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ) មានបំណង​ជួយ​មនុស្ស​នៅក្នុង​ក្រុមខាងលើ​ ឲ្យធ្វើ​ការសម្រេចចិត្ត​ដោយ​មានព័ត៌មានពេញលេញ​អំពីការទទួលបាន​វ៉ាក់សាំង​ COVID-19។

តើវ៉ាក់សាំងនេះ​នឹង​ផ្លាស់ប្តូរ DNA ​របស់​ខ្ញុំដែរឬទេ​?

ទេ វ៉ាក់សាំងជំងឺ COVID-19 មិនកែប្រែ ឬប៉ះពាល់​ដល់ DNA របស់អ្នកទេ។ វ៉ាក់សាំងបញ្ជូន​ការណែនាំទៅកាន់កោសិកា​របស់យើង​ឲ្យចាប់ផ្ដើម​បង្កើត​ការការពារ​ប្រឆាំង​នឹង​វីរុស​ដែល​បង្កឲ្យកើតជំងឺ COVID-19។ វ៉ាក់សាំង​មិនចូលទៅក្នុង​ផ្នែកនៃ​កោសិកា​​ដែលជាកន្លែង​ផ្ទុក DNA របស់យើងនោះទេ។ ផ្ទុយមកវិញ វ៉ាក់សាំង​ធ្វើការ​ជាមួយ​ប្រព័ន្ធការពារ​ពីធម្មជាតិ​នៃរាងកាយ​​របស់យើង​ ដើម្បី​បង្កើត​ប្រព័ន្ធភាពស៊ាំ។ ស្វែ​ង​យល់អំពីវ៉ាក់សាំង COVID-19 ដែលមាន​​ mRNA(ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) និង​ វុិចទ័រ​វីរុស​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ)។

តើវ៉ាក់សាំង​នេះ​បណ្តាល​ឲ្យ​ផល​រំខាន​រយៈពេលវែងដែរឬទេ​?

យើង​មានទិន្នន័យ​វិទ្យាសាស្ត្រ​ជាច្រើន​ស្តីពី​វ៉ាក់សាំង​សម្រាប់ COVID-19 និង​ជំងឺ​ផ្សេងទៀត។​ ផ្អែកលើទិន្នន័យ​ទាំងនោះ អ្នកឯកទេស​មានទំនុកចិត្ត​ថា​ វ៉ាក់សាំង​ទាំងនេះ​មានប្រសិទ្ធភាពខ្លាំង។​ ស្ទើរតែ​គ្រប់ប្រតិកម្ម​ទាំងអស់ទៅនឹងវ៉ាក់សាំង​ជំងឺ​ COVID-19 មានកម្រិត​ស្រាល ដូចជា​អស់កម្លាំង ឬ​ឈឺដៃ​ជាដើម ហើយកើត​មាន​តែ​ប៉ុន្មានថ្ងៃ​តែប៉ុណ្ណោះ​។ ប្រតិកម្មធ្ងន់ធ្ងរឬ​រយៈពេលវែង​ គឺ​កម្រកើតមាន​បំផុត​។

ផលរំខាន​រយៈពេលវែង​ណាមួយ​ ជាធម្មតា​តែ​ងកើត​មាន​ក្នុងរយៈពេល​ប្រាំបី​សប្តាហ៍​ក្រោយ​ពេលចាក់វ៉ាក់សាំង។ នេះ​ជាមូលហេតុដែល​ក្រុមហ៊ុនផលិត​វ៉ាក់សាំង​ ចាំបាច់ត្រូវ​រង់ចាំ​យ៉ាង​តិច​ប្រាំបីសប្តាហ៍​បន្ទាប់ពីការពិសោធន៍បែបគ្លីនិក មុនពេល​ពួកគេ​អាច​ដាក់ពាក្យសុំ​ការអនុញ្ញាត​ប្រើប្រាស់សម្រាប់គ្រាមានអាសន្ន​ពី Food and Drug Administration (FDA, រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​) របស់​សហរដ្ឋ​អាមេរិក​។ អ្នក​ជំនាញ​ក៏កំពុង​បន្ត​ពិនិត្យតាមដាន​វ៉ាក់សាំង COVID-19 សម្រាប់ក្តីបារម្ភ​អំពីសុវត្ថិភាព។​ FDA បាន​អង្កេត​តាមដាន​របាយការណ៍​នានា​អំពីផលរំខាន​ធ្ងន់ធ្ងរ​ ឬ​ប្រតិកម្ម​។