ការធ្វើតេស្តរកមើលជំងឺ COVID-19

សំណួរចោទសួរជាញឹកញាប់

ស្វែងរកទីតាំងធ្វើតេស្តនៅជិតខ្ញុំ (ជាភាសាអង់គ្លេស)

ងាយស្រួលរាយការណ៍អំពីលទ្ធផលធ្វើតេស្តឃើញវិជ្ជមាននៅផ្ទះរបស់អ្នក

បុគ្គល​ដែល​ទិញ​ឧបករណ៍​ធ្វើតេស្ត​នៅ​តាម​ហាង​នានា ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរតែ​ហៅ​ទៅ​ខ្សែ​ទូរសព្ទ​បន្ទាន់​ផ្នែក​ជំងឺ COVID-19 លេខ 1-800-525-0127 រួច​ចុច​សញ្ញា # បន្ទាប់ពី​ទទួល​បាន​លទ្ធ​ផលភ្លាមៗ។ ខ្សែ​ទូរសព្ទ​បន្ទាន់​នេះ​បើក​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ ពី​ម៉ោង 6 ព្រឹក​ដល់ម៉ោង 10 យប់ និង​ពី​ថ្ងៃ​អង្គារ៍​ដល់​ថ្ងៃអាទិត្យ (ព្រមទាំង​ថ្ងៃឈប់​សម្រាក​ដែល​ត្រូវ​បាន​លើក​ថ្ងៃ) ពី​ម៉ោង 6 ព្រឹក​ដល់ម៉ោង 6 ល្ងាច។ យើង​មាន​ផ្ដល់​ជូន​ជំនួយ​ផ្នែក​ភាសា។

មូលហេតុនៃការធ្វើតេស្ត

ការ​ធ្វើតេស្ត​អាច​ជួយសង្គ្រោះ​ជីវិត​ជាច្រើន។ ការ​ធ្វើតេស្ត​អាច​ឱ្យ​បុគ្គល​នានា​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ជាមុន ដូចជា​ធ្វើ​ចត្តាឡីស័​កបាន​ទាន់ពេល​វេលា ដើម្បី​កុំឱ្យ​វីរុស​ឆ្លង​រាលដាល។ បុគ្គល​ដែល​បាន​ឆ្លង​ជំងឺ​ប៉ុន្តែ​គ្មាន​រោគសញ្ញា​នៅតែ​អាច​ចម្លង​វីរុស​បាន។ ការ​ធ្វើតេស្ត​ក៏អាច​ជួយ​មន្ត្រី​សុខាភិបាល​សាធារណៈ​ក្នុង​ការ​សម្គាល់ និង​ឆ្លើយតបទៅនឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ ក៏ដូចជា​តាមដាន​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ថ្មី​បាន​ផង​ដែរ។ ការ​ធ្វើតេស្ត​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​បន្តសកម្មភាព​ជាប្រក្រតី។

អ្នកស្រាវជ្រាវ​មក​ពី University of Washington និង Department of Health (DOH, ក្រសួងសុខាភិបាល) បាន​រក​ឃើញថា​ការ​ធ្វើតេស្ត​រកមើល​ជំងឺ COVID-19 និង​ការ​តាមដាន​តាមរយៈ WA Notify (ការ​ជូនដំណឹង​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នៅ​រដ្ឋ​វ៉ាស៊ីនតោន) ទំនងជា​បាន​បង្ការ​ប្រហែល 6,000 ករណី​ពី​ខែធ្នូ ឆ្នាំ 2020 ដល់​ខែមីនា ឆ្នាំ 2021។

ពេលដែលត្រូវធ្វើតេស្ត​

ធ្វើតេស្ត​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ឈឺ។ ជំងឺ COVID-19 មាន​រោគសញ្ញា (ជា​ភាសាអង់គ្លេស) ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន យកល្អ​គួរតែ​ធ្វើតេស្ត​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

ធ្វើតេស្ត​នៅពេល​ដែល​អ្នក​បាន​ប៉ះពាល់​ជាមួយ​នរណា​ម្នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19។ ធ្វើ​តេ​ស្ត​ភ្លាមៗ ប្រសិនបើ​អ្នក​កំពុង​ចេញ​រោគសញ្ញា។ ប្រសិនបើ​អ្នក​មិន​ចេញ​រោគសញ្ញា​ទេ សូម​រង់ចាំ​ប្រាំ​ថ្ងៃបន្ទាប់​ពី​ការ​ប៉ះពាល់ បន្ទាប់មក​ធ្វើតេស្ត។

អាជីវកម្ម និង​កន្លែង​រៀបចំ​ព្រឹត្តិ​ការណ៍​នៅ​រដ្ឋ​វ៉ាស៊ីនតោន អាច​នឹង​មាន​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​ធ្វើតេស្ត និង​/ឬការ​ចាក់​វ៉ាក់សាំង មុន​ពេល​ចូល​ទៅ​ក្នុង​គ្រឹះស្ថាន ឬព្រឹត្តិ​ការណ៍​ណាមួយ។ ទូរសព្ទ​ទៅជា​មុន ឬពិនិត្យមើល​គេហទំព័រ​របស់​ពួក​គេ មុន​ពេល​អ្នក​ចូល​ជួប។

អ្នក​ប្រហែលជា​ត្រូវ​ធ្វើតេស្ត​មុន និង​/ឬក្រោយពេល​ធ្វើដំណើរ។ សូម​ពិនិត្យមើលការណែនាំ​ស្ដីពី​ការ​ធ្វើ​ដំ​ណើរ​ថ្មីៗបំផុត​របស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ) (ជា​ភាសាអង់គ្លេស)។

នៅពេល​អ្នក​ទៅ​ប្រមូល​ផ្តុំ​ជាមួយ​មនុស្ស​មួយ​ក្រុម ជាពិសេស​អ្នក​ដែល​មាន​ហានិភ័យ​អាច​កើតជំងឺ​ធ្ងន់ធ្ងរ ឬប្រហែលជា​មិនបាន​ចាក់​វ៉ាក់សាំង​ជំងឺ COVID-⁠​19 គ្រប់​ចំនួន​ទាន់​សភាពការណ៍ (ជា​ភាសាអង់គ្លេស)។

កន្លែងត្រូវធ្វើតេស្ត​

គេហទំព័រ​របស់ Department of Health នៃ​រដ្ឋ​វ៉ាស៊ីនតោន​រក្សា​បញ្ជី​ទីតាំង​ធ្វើតេស្ត នៅ​ខោន​ធី​នី​មួយៗ ដោយមាន​បញ្ជាក់​ពី​ម៉ោង​ធ្វើការ និង​លក្ខខណ្ឌ​តម្រូវ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ទីតាំង​ធ្វើតេស្ត សូម​ទូរសព្ទ​ទៅ​លេខ 2-1-1។ ឧបករណ៍​ធ្វើតេស្ត​ក៏​មាន​សម្រាប់​កុម្ម៉ង់​នៅ​តាម​ហាង និង​ឱសថស្ថាន​នានា​ផង​ដែរ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើតេស្ត​នៅផ្ទះ។

ថ្លៃ​ចំណាយ

ឥឡូវនេះ​អ្នកផ្ដល់​សេវា​ធានារ៉ាប់រង​នឹង​ផ្ដល់​សំណង​ទូទាត់​ដល់​គ្រួសារ​នានា​សម្រាប់​ឧបករណ៍​ធ្វើតេស្ត​រហូតដល់​ប្រាំបី​ឈុត​ក្នុង​មួយ​ខែ។ ស្វែងយល់​បន្ថែម​អំពី​ការ​ផ្ដល់​សំណង​ទូទាត់​នៃ​ការធានា​រ៉ាប់រង (ជា​ភាសាអង់គ្លេស)។

ការ​ធ្វើតេស្ត​នៅ​ទីតាំង​ធ្វើតេស្ត​ដែល​មាន​ជំនួយ​ពីរ​ដ្ឋ ឬខោន​ធី​ពុំ​មានការ​បង់ប្រាក់​ឡើយ។ ការ​ធ្វើតេស្ត​ជាច្រើន ជាពិសេស​សម្រាប់​បុគ្គល​ដែល​មាន​រោគសញ្ញា អាច​ទូទាត់​វិក្កយបត្រ​ទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង ឬមាន​ជំនួយ​ហិរញ្ញវត្ថុ​ពី Department of Health។

អ្នក​ក៏អាច​ទិញ​ឧបករណ៍​ធ្វើតេស្ត​នៅផ្ទះ​ពី​ហាង​លក់រាយ និង​ឱសថស្ថាន​ក្នុង​តំបន់ ឬតាម​អ៊ីនធឺណិត​បាន​ផង​ដែរ។ មិន​តម្រូវ​ឱ្យ​មានការ​ធានារ៉ាប់រង ឬវេជ្ជបញ្ជា​នោះ​ទេ។

ប្រភេទនៃការធ្វើតេស្ត

ការ​ធ្វើតេស្ត​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​រួមមាន ការ​ធ្វើតេស្ត​អង់​ទី​ហ្សែ​នរ​ហ័ស ការ​ធ្វើតេស្ត​ម៉ូលេគុល (ទាំង​នៅ​មន្ទីរពិសោធន៍ និង​នៅកន្លែង​ថែទាំ​ផ្ទាល់) និង​ការ​ធ្វើតេស្ត​មួយចំនួន​ដោយខ្លួនឯង​នៅផ្ទះ។ សម្ភារៈ​ធ្វើតេស្ត​ជាក់លាក់​មាន​ភាព​ខុសគ្នា​ទៅតាម​តម្រូវការ និង​លទ្ធភាព​របស់​ក្រុមហ៊ុន​ផលិត។

របៀបធ្វើតេស្តនៅផ្ទះ

ការអនុវត្ត​តាម​ការណែនាំ​នៅក្នុង​ឈុត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នៅផ្ទះ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​បំផុត​គឺ​មាន​សារៈសំខាន់។ ម៉ាក​ជាច្រើន​ក៏​ផ្ដល់​ការណែនាំ​ជា​វីដេអូ​ផង​ដែរ។ ដើម្បី​ដឹងពី​ការអនុវត្ត​ប្រសើរ​បំផុត​បន្ថែម​ទៀត សូម​មើល​គន្លឹះ​សម្រាប់​ការ​ធ្វើតេស្ត​នៅផ្ទះ​របស់ CDC (ជា​ភាសាអង់គ្លេស)។

លទ្ធផល​អវិជ្ជមាន​ខុសពី​ការពិត​អាច​នឹង​កើតឡើង​ជាមួយនឹង​ការ​ធ្វើតេស្ត​រហ័ស។ ឈុត​ឧបករណ៍​ធ្វើតេស្ត​មួយចំនួន​អាច​រួមបញ្ចូល​ឧបករណ៍​ធ្វើតេស្ត​ចំនួន​ពីរ (អ្នក​គួរតែ​ធ្វើតាម​ការណែនាំ​នៅ​លើ​ប្រអប់​សម្រាប់​ពេលវេលា​ដែល​ត្រូវ​ធ្វើតេស្ត)។

ដើម្បី​ដឹង​បន្ថែម​ទៀត​អំពី​ដំណើរការ​ធ្វើតេស្ត សូម​ចូល​មើល​ទំព័រ​សំណួរ​ចោទសួរ​ជា​ញឹកញាប់​អំពី​ការ​ធ្វើតេស្ត​របស់​យើង។

ដំណើរការធ្វើតេស្ត

ការ​ធ្វើតេស្ត​ភាគច្រើន​ធ្វើឡើង​ដោយ​ប្រើ​តម្បារ​រន្ធច្រមុះ។ ការ​ធ្វើតេស្ត​មួយចំនួន​អាច​ធ្វើឡើង​ដោយ​យក​ទឹកមាត់។ ព័ត៌មាន​លម្អិត​បន្ថែម​មាននៅ​លើ​ទំព័រ​សំណួរ​ចោទសួរ​ជា​ញឹកញាប់​អំពី​ការ​ធ្វើតេស្ត។

ពេលដែលត្រូវធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែក

អ្នក​អាច​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័​ក ឬនៅ​ដាច់ដោយឡែក​មុន​ពេល​ធ្វើតេស្ត និង​ក្រោយពេល​ទទួល​បាន​លទ្ធផល​របស់​អ្នក។ ករណីនេះ​នឹង​អាស្រ័យ​លើ​ស្ថានភាព​ចាក់​វ៉ាក់សាំង​របស់​អ្នក និង​ថា​តើ​អ្នក​កំពុង​ចេញ​រោគសញ្ញា​ឬអត់។ ការ​ណែ​នាំ​ថ្មីៗបំផុត​របស់ CDC ពន្យល់​លម្អិត​អំពី​ចំណុច​នេះ​តាម​សេ​ណា​រី​យ៉ូ (ជា​ភាសាអង់គ្លេស)។ អ្នក​ក៏អាច​អនុវត្ត​តាម​ការណែនាំ​របស់​យើង​ផង​ដែរ សម្រាប់​បុគ្គល​ដែល​ចេញ​រោគសញ្ញា និង​/ឬប៉ះពាល់​នឹង​ជំងឺ COVID-19។

បន្តតាមដាន

ស្នាក់នៅ​ផ្ទះ​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​អ្នកមាន​រោគសញ្ញា។ ប្រសិនបើ​អ្នកធ្វើ​តេ​ស្ត​ឃើញ​វិជ្ជមាន​ជំងឺ COVID-19 ដំណឹងល្អ​នោះ​គឺថា អ្នក​អាច​អនុវត្ត​តាម​ជំហាន​នានា ដើម្បី​ជួយ​រក្សា​សុវត្ថិភាព​ខ្លួន​អ្នក និង​អ្នកដទៃ។ ព័ត៌មាន​បន្ថែម​មាននៅ​ទីនេះ៖ អ្វី​ដែល​ត្រូវ​ធ្វើ ប្រសិនបើ​អ្នកធ្វើ​តេ​ស្ត​ឃើញ​វិជ្ជមាន