ខ្សែទូរសព្ទសង្គ្រោះជីវិតពេលមានវិបត្តិ និងអត្តឃាត 988

ហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅលេខ 988 ដើម្បីភ្ជាប់ទៅ National Suicide Prevention Lifeline (NSPL, ខ្សែ​ទូរសព្ទ​ជាតិ​សង្គ្រោះ​ជីវិត​បង្ការ​ការ​ធ្វើ​អត្តឃាត) (ជា​ភាសាអង់គ្លេស)។ ខ្សែ​ទូរសព្ទ​នេះ​រក្សា​ការសម្ងាត់ ឥតគិតថ្លៃ និង​បម្រើសេវា 24​/7/365។

សេវា​មាន​ផ្ដល់​ជូន​ជា​ភាសា​អេស្ប៉ាញ រួម​ជាមួយ​សេវា​បកប្រែ​ផ្ទាល់មាត់​ជាង 250 ភាសា។ សម្រាប់​មនុស្ស​ដែល​ស្ដាប់​មិនឮ ពិបាក​ក្នុង​       ការ​ស្ដាប់ និង​អ្នកប្រើ​ប្រាស់ TTY៖ ប្រើ​សេវាកម្ម​បញ្ជូន​បន្ត​ដែល​អ្នក​ចង់​ប្រើ ឬហៅ​ទូរសព្ទ​ទៅ​លេខ 711 រួច​ចុច​លេខ 1-800-273-8255។

អ្នកអាចទូរសព្ទទៅលេខ 988 ប្រសិនបើអ្នកកំពុងមាន៖

  • គំនិតចង់ធ្វើអត្តឃាត
  • វិបត្តិសុខភាពផ្លូវចិត្ត
  • ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀន
  • ទុក្ខព្រួយផ្លូវអារម្មណ៍ក្នុងប្រភេទផ្សេងទៀត

អ្នក​ក៏អាច​ហៅ​ទូរសព្ទ​ទៅ​លេខ 988 បាន​ផង​ដែរ ប្រសិនបើ​អ្នក​បារម្ភ​អំពី​មនុស្សជា​ទី​ស្រលាញ់​ដែល​អាច​នឹង​ត្រូវការ​ជំនួយ​ដោះស្រាយ​វិបត្តិ។ 988 មិន​ប្រើ​សម្រាប់​ជំនួស​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​ដោះស្រាយ​វិបត្តិ​ណាមួយ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ឡើយ។ វា​ជា​ការ​បន្ថែម​ថ្មី​បំផុត​ពីលើ​បណ្ដាញ​ស្ថាប័ន​ដែល​ផ្ដល់​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​របស់​រដ្ឋ។ លេខ NSPL ចំនួន​ដប់​ខ្ទង់​គឺ 1-800-273-TALK (8255) នៅតែ​ដំណើរការ​រួម​ជាមួយ 988 ដដែល។

សម្រាប់សំណួរអំពីកម្មវិធី 988 សូមផ្ញើអ៊ីមែលទៅ 988ProgramInfo@doh.wa.gov កុំប្រើប្រអប់សារនេះ ប្រសិនបើ​អ្នក ឬន​រណា​ម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវការ​ជំនួយ​ដោះស្រាយ​វិបត្តិ។ ជំនួស​មកវិញ សូម​ហៅ​ទូរសព្ទ ផ្ញើ​សារ​ជា​អក្សរ ឬផ្ញើ​សារ​ជជែក​ទៅ​លេខ 988។

អំពីសេវា 988

  • ពេលអ្នកហៅទូរសព្ទទៅលេខ 988 អ្នកនឹងត្រូវបានភ្ជាប់ទៅមជ្ឈមណ្ឌលដោះស្រាយវិបត្តិ NSPL។
  • អ្នក​អាច​ហៅ​ទូរសព្ទ ផ្ញើ​សារ​ជា​អក្សរ ឬផ្ញើ​សារ​ជជែក​ទៅ​លេខ 988 តាម​ទូរសព្ទ​ដៃ ទូរសព្ទ​លើ​តុ ឬឧបករណ៍​ទំនាក់ទំនង​ជា​សំឡេង​តាម​អ៊ីនធឺណិត​របស់​អ្នក។
  • លេខ 10 ខ្ទង់​សម្រាប់ NSPL នៅតែ​ដំណើរការ​ដដែល។ អ្នក​អាច​ហៅ​ទូរសព្ទ​ទៅ​លេខ 1-800-273-TALK (8255) ឬ 988 ក៏បាន។
  • 988 រក្សា​ការសម្ងាត់ ឥតគិតថ្លៃ និង​បម្រើសេវា 24​/7/365 ដោយ​ភ្ជាប់​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត ឬប៉ុនប៉ង​ធ្វើ​អត្តឃាត ជាមួយ​អ្នក​ប្រឹក្សា​វិបត្តិ​ដែល​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល។ អ្នក​ដែល​បារម្ភ​អំពី​មនុស្សជា​ទី​ស្រលាញ់​ដែល​អាច​នឹង​ត្រូវការ​ជំនួយ​ដោះស្រាយ​វិបត្តិ​ក៏អាច​ហៅ​ទូរសព្ទ​ទៅ​លេខ 988 បាន​ផង​ដែរ។
  • អ្នក​ដែល​ទាក់ទង​ទៅ​លេខ 988 មិន​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​សេវាកម្ម​នោះ​ទេ។ ការ​ហៅ​ទូរសព្ទ​អាច​ត្រូវ​បាន​តាមដាន ឬថត​ទុក​ក្នុង​គោលបំណង​ធានា​គុណភាព ឬបណ្ដុះបណ្ដាល។ ប្រព័ន្ធ​បណ្ដាញ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន ដើម្បី​ដោះស្រាយ​ក្ដី​កង្វល់​អំពី​ឯកជន​ភាព។
  • មិន​មានការ​ផ្លាស់ប្ដូរ​ចំពោះ​ការ​បញ្ជូន​ក្រុមការងារ​ឆ្លើយតប​នឹង​វិបត្តិ​ចល័ត និង​អ្នកឆ្លើយតប​នឹង​វិបត្តិ​ដែល​បាន​ចាត់តាំង ឬមុខងារ​របស់​សេវា​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​ណាមួយ​ផ្សេងទៀត​ឡើយ។
  • មជ្ឈមណ្ឌលដោះស្រាយវិបត្តិ NSPL នឹងបន្តប្រតិបត្តិការតាមស្តង់ដារ NSPL ហើយនឹងភ្ជាប់ជាមួយសេវា 911 ក៏ដូចជាសេវាដោះស្រាយវិបត្តិក្នុងតំបន់ដូចដែលពួកគេធ្លាប់បានធ្វើ។

រដ្ឋ​វ៉ាស៊ីនតោន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់ Native and Strong Lifeline (ខ្សែ​ទូរសព្ទ​សង្គ្រោះ​ជីវិត​ដ៏​រឹងមាំ និង​ជនជាតិ​ដើម) សម្រាប់​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​នឹង​សហគមន៍​ជនជាតិ​ដើម​អាមេរិក និង​ជនជាតិ​ដើម​អាឡាស្កា​របស់​រដ្ឋ​វ៉ាស៊ីនតោន​ដែល​ហៅ​ទូរសព្ទ​ទៅ​លេខ 988។ Native and Strong Lifeline គឺជា​សេវា​របស់ Washington Indian Behavioral Health Hub (មជ្ឈមណ្ឌលសុខភាពឥរិយាបថជនជាតិដើមអាមេរិកនៃរដ្ឋវ៉ាស៊ីនតោន) (ជា​ភាសាអង់គ្លេស)។ មជ្ឈមណ្ឌល​នេះ​គឺជា​ធនធាន​ដ៏​សំខាន់​ទូទាំង​រដ្ឋ ដើម្បី​បំពេញ​តម្រូវការ​របស់​សហគមន៍​ដែល​ជាប់ពាក់ព័ន្ធ​នឹង​កុលសម្ព័ន្ធ ព្រមទាំង​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​កុលសម្ព័ន្ធ អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព មន្ទីរពេទ្យ និង​កម្មវិធី​ព្យាបាល​អ្នកជំងឺ​សម្រាក​ឆ្លង​យប់ ឬមិន​ឆ្លង​យប់​នៅ​មន្ទីរពេទ្យ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល NativeAndStrong.org (ជាភាសាអង់គ្លេស) និង National Suicide Prevention Lifeline (ជាភាសាអង់គ្លេស)។

House Bill 1477 និងការបង្កើតសេវា 988

នៅ​ឆ្នាំ 2020 Federal Communications Commission (FCC, គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ) បាន​អនុម័ត National Suicide Hotline Designation Act (ច្បាប់​ស្ដីពី​ការចាត់ចែង​ខ្សែ​ទូរសព្ទ​បន្ទាន់​ជាតិ​ផ្នែក​ធ្វើ​អត្តឃាត)។ ច្បាប់​នេះ​បាន​កំណត់​យក 988 ជា​លេខ 3 ខ្ទង់​ថ្មី​ដែល​ងាយ​ចងចាំ​ក្នុង​ការ​ហៅ​ទូរសព្ទ ផ្ញើ​សារ​ជា​អក្សរ និង​ផ្ញើ​សារ​ជជែក​ទូទាំង​ប្រទេស សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​កំពុង​ជួប​វិបត្តិ​សុខភាព​ផ្លូវចិត្ត ឬប៉ុនប៉ង​ធ្វើ​អត្តឃាត។

ក្នុងរដ្ឋវ៉ាស៊ីនតោន អង្គនីតិបញ្ញត្តិបានអនុម័ត House Bill (សេចក្ដីព្រាងច្បាប់) 1477 (E2SHB 1477) (ជា​ភាសាអង់គ្លេស) ដើម្បី​គាំទ្រ​សេវា 988។ វា​បាន​ពង្រីក និង​ធ្វើ​ឱ្យ​សេវា​បង្ការ​ការ​ធ្វើ​អត្តឃាត ក៏ដូចជា​ការ​ឆ្លើយតប​នឹង​វិបត្តិ​សុខភាព​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​អ្នកគ្រប់គ្នា​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន។ E2SHB 1477 ត្រូវ​បាន​ចុះហត្ថលេខា​អនុម័ត​ដោយ​លោក​អភិបាល​រដ្ឋ Jay Inslee នៅ​ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2021។ E2SHB 1477 ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា Crisis Call Center Hubs and Crisis Services Act (​ច្បាប់​ស្ដីពី​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​ដោះស្រាយ​វិបត្តិ និង​សេវា​ដោះស្រាយ​វិបត្តិ។

E2SHB 1477 ក៏បាន​បង្កើត​គណៈកម្មាធិការ Crisis Response Improvement Strategy (CRIS, យុទ្ធសាស្ត្រ​កែ​លម្អ​ការ​ឆ្លើយតប​នឹង​វិបត្តិ) និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ផង​ដែរ។ គណៈកម្មាធិការ​ទាំងនេះ​នឹង​រៀបចំ​ការណែនាំ​ដល់​អភិបាល​រដ្ឋ និង​អង្គនីតិបញ្ញត្តិ ដើម្បី​ជួយ​អនុវត្ត​លេខ 988 និង​ផ្នែក​នានា​នៃ​ច្បាប់ E2SHB 1477 របស់​ជាតិ។ ប្រសិនបើ​អ្នក​ចង់​ចូលរួម​ក្នុងនាម​ជាស​មា​ជិ​កនៃ​សាធារណជន អ្នក​អាច ចុះឈ្មោះចូលរួមកិច្ចប្រជុំ និងដាក់បញ្ជូនមតិសាធារណជន (ជាភាសាអង់គ្លេស)។

សម្រាប់ព័ត៌មានលម្អិតពេញលេញ សូមមើលគេហទំព័រគណៈកម្មាធិការ Crisis Response Improvement Strategy (CRIS) (ជាភាសាអង់គ្លេស)។

មជ្ឈមណ្ឌលហៅទូរសព្ទដោះស្រាយវិបត្តិ

ផែនទីពណ៌នៃខោនធីក្នុងរដ្ឋវ៉ាស៊ីនតោនដែលដាក់ពណ៌ទៅតាមមជ្ឈមណ្ឌលដោះស្រាយវិបត្តិដែលនឹងទទួលទូរសព្ទពីលេខកូដតំបន់របស់ខ្លួន។
ផែនទីខោនធីដែលមជ្ឈមណ្ឌលដោះស្រាយវិបត្តិ NSPL នីមួយៗទទួលទូរសព្ទ។

រដ្ឋវ៉ាស៊ីនតោនមានមជ្ឈមណ្ឌលដោះស្រាយវិបត្តិ NSPL ចំនួនបីដែលទទួលទូរសព្ទពីជុំវិញរដ្ឋ៖

  • Volunteers of America of Western Washington
  • Frontier Behavioral Health
  • Crisis Connections

ការ​ហៅ​ទូរសព្ទ​របស់​អ្នក​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​មួយ​ក្នុងចំណោម​ទាំងនេះ ផ្អែកលើ​ផែនទី​នៅ​ខាងស្ដាំ​ដៃ។  ការ​ហៅ​ទូរសព្ទ​ត្រូវ​បាន​បញ្ជូន​តាម​លេខ​កូដ​តំបន់​របស់​អ្នក។

មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​កំពុង​ជ្រើសរើស​បុគ្គលិក​ផ្នែក​ថែទាំ​ឥឡូវនេះ! ប្រសិនបើ​អ្នកចាប់​អារម្មណ៍​នឹង​អាជីព​ជួយ​មនុស្ស​មាន​វិបត្តិ សូម​ដាក់ពាក្យសុំ​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ NSPL (ជា​ភាសាអង់គ្លេស)

សំណួរចោទសួរជាញឹកញាប់

តើ National Suicide Prevention Lifeline (NSPL) គឺជា​អ្វី ហើយ​តើ​សេវា 988 ប្រើ​ជំនួស NSPL ឬអត់?

NSPL គឺជា​បណ្ដាញ​ជាតិ​នៃ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់

ឯករាជ្យ និង​ផ្ដល់​ថវិ​កាដោយរដ្ឋ។ មជ្ឈមណ្ឌល​ទាំងនេះ​ត្រូវ​បាន​បំពាក់​បរិក្ខារ​ដើម្បី​ឆ្លើយតប និង​ជួយ​មនុស្ស​កំពុង​មានទុក្ខ​ព្រួយ​ផ្លូវ​អារម្មណ៍ ឬកំពុង​មានគំនិត​ចង់​ធ្វើ​អត្តឃាត។

988 មិន​ប្រើ​ជំនួស​លេខទូរសព្ទ NSPL ទេ ប៉ុន្តែ​ផ្ដល់​វិធី​មួយទៀត​ដែល​កាន់តែ​ងាយស្រួល​សម្រាប់​មនុស្ស​ក្នុង​ការទាក់ទង​ទៅ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​កាន់តែ​ច្រើន។ អ្នក​អាច​ហៅ​ទូរសព្ទ​ទៅ​លេខ 988 ឬ 1-800-273-TALK (8255) ក៏បាន​ដើម្បី​ឱ្យ​គេ

​ភ្ជាប់។

តើមានអ្វីកើតឡើង នៅពេលខ្ញុំហៅទូរសព្ទទៅលេខ 988?

នៅពេល​ហៅ​ទូរសព្ទ​ទៅ​លេខ 988 ជាដំបូង​អ្នក​ហៅ​ទូរសព្ទ​ឮសារ​ស្វាគមន៍ ខណៈ​ដែល​ការ​ហៅ​ទូរសព្ទ​របស់​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​នៃ​បណ្ដាញ NSPL (ផ្អែក​តាម​លេខ​កូដ​តំបន់​របស់​អ្នក​ហៅ​ទូរសព្ទ)។ អ្នក​ប្រឹក្សា​អំពី​វិបត្តិ​ដែល​បាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ជា​អ្នកទទួល​ទូរសព្ទ ស្ដាប់​អ្នក​ហៅ​ទូរសព្ទ​និយាយ ស្វែងយល់​ថា​តើ​បញ្ហា​ប៉ះពាល់​ពួក​គេ​ដូចម្ដេច​ខ្លះ ផ្ដល់​ជំនួយ និង​ចែករំលែក​ធនធាន ប្រសិនបើ​ចាំបាច់។ ប្រសិនបើ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​មិន​អាច​ទទួល​ទូរសព្ទ​បានទេ អ្នក​ហៅ​ទូរសព្ទ​ត្រូវ​បាន​ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​បម្រុង​របស់​ជាតិ​ដោយ​ស្វ័យប្រវត្តិ។ NSPL ផ្ដល់​សេវា​ទូរសព្ទ​សម្រាប់​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ក្នុង​ពេល​ជាក់ស្ដែង​ជា​ភាសាអង់គ្លេស និង​អេស្ប៉ាញ ហើយ​ប្រើ Language Line Solutions ដើម្បី​ផ្ដល់​សេវា​បកប្រែ​ជាង 250 ភាសា​បន្ថែម​សម្រាប់​អ្នក​ដែល​ហៅ​ទូរសព្ទ​ទៅ​លេខ 988។
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ភ្ជាប់​ទូរសព្ទ សូម​មើល
ក្រាហ្វព័ត៌មាន 988 នេះ (ជាភាសាអង់គ្លេស)។ 

តើសេវា 988 បានចាប់ផ្ដើមដំណើរការទូទាំងប្រទេសនៅពេលណា?

ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2022។ លេខកូដហៅទូរសព្ទ 988 អាចប្រើបានទូទាំងប្រទេស។

អតីត​អ្នកបម្រើ​ការ និង​សមាជិក​សេវាកម្ម​អាច​ទាក់ទង​ទៅ Veterans Crisis Line (ខ្សែ​ទូរសព្ទ​សម្រាប់​វិបត្តិ​អតីត​អ្នកបម្រើ​ការ) (ជា​ភាសាអង់គ្លេស) ដោយ​ចុច​លេខ 1 បន្ទាប់ពី​ហៅ​ទូរសព្ទ ឬផ្ញើ​សារ​ទៅ​លេខ 988 (ឬ 1-800-273-TALK (8255)) ការជជែកលើអ៊ីនធឺណិត (ជាភាសាអង់គ្លេស) ឬផ្ញើសារទៅលេខ 838255។

តើសេវា 988 ខុសពីប្រព័ន្ធ 911 ដូចម្ដេច?

សេវា 988 ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាដោះស្រាយវិបត្តិកាន់តែប្រសើរឡើងតាមវិធីដែលបំពេញតាមតម្រូវការថែទាំក្នុងវិបត្តិពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត និងការធ្វើអត្តឃាតដែលកំពុងកើនឡើងក្នុងប្រទេស។ សេវា 988 ផ្ដល់ភាពងាយស្រួលជាងក្នុងការទាក់ទងទៅបណ្ដាញ NSPL និងទទួលបានធនធានក្នុងវិបត្តិដែលពាក់ព័ន្ធ ដែលខុសពីគោលបំណងរក្សាសុវត្ថិភាពសាធារណៈរបស់ប្រព័ន្ធ 911។ ប្រព័ន្ធ 911 ផ្ដោតលើការផ្ដល់ Emergency Medical Services (EMS, សេវាវេជ្ជសាស្ត្របន្ទាន់) បញ្ជូនក្រុមពន្លត់អគ្គិភ័យ និងប៉ូលីសនៅពេលចាំបាច់។

ប្រសិនបើ​ខ្ញុំ​ហៅ​ទូរសព្ទ​ទៅ​លេខ 988 តើ​ក្រុមសង្គ្រោះ​បឋម ដូចជា​ប៉ូលិស ឬ EMS ជាដើម​នឹង​ត្រូវ​បាន​បញ្ជូន​មក​ដោយ​ស្វ័យប្រវត្តិ​ដែរ​ទេ?

គោលដៅ​ចម្បង​នៃ​សេវា 988 គឺ​ផ្ដល់​ជំនួយ​សម្រាប់​មនុស្ស​កំពុង​មាន​វិបត្តិ​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត ឬមានទុក្ខ​ព្រួយ​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវចិត្ត​ក្នុង​គ្រាដែល​ពួក​គេ​ត្រូវការ​ជំនួយ​បំផុត ដោយ​ផ្ដោត​លើ​មនុស្ស​មាន​វិបត្តិ។

ភាគច្រើន​បំផុត​នៃ​មនុស្ស​ដែល​ស្វែងរក​ជំនួយ​ពី​សេវា 988 មិន​ត្រូវការ​អន្តរាគមន៍​បន្ថែម​នៅ​គ្រានោះ​ទេ។ បច្ចុប្បន្ន ការ​ហៅ​ទូរសព្ទ​ទៅ NSPL ដែល​ត្រូវការ​សេវា​សង្គ្រោះ​បន្ទាន់​ដូចជា 911 មាន​តិច​ជាង 2%។ ទោះបីជា​បញ្ហា​សុខភាព និង​សុវត្ថិភាព​មួយចំនួន​អាច​ធានា​ថា​មានការ​ឆ្លើយតប​ពី​ភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​/EMS (ដូចជា​នៅពេល​កំពុង​មានការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជាដើម) ការ​ឆ្លើយតប​ដែល​សម្របសម្រួល​ដោយ​សេវា 988 មានបំណង​លើកកម្ពស់​ស្ថិរភាព និង​ការថែទាំ​ក្នុង​វិធី​ដែល​មិនសូវ​តឹងរ៉ឹង​បំផុត។

តើការហៅទូរសព្ទទៅលេខ 988 នឹងបង្វែរទៅលេខ 911 ដែរទេ?

ការ​ហៅ​ទូរសព្ទ​ទៅ​លេខ 988 មាន​ភាគរយ​តិចតួច​ដែល​ត្រូវការ​ប្រើ​ប្រព័ន្ធ 911 នៅពេល​មាន​ហានិភ័យ​ដែល​ហៀបនឹង​កើតឡើង​ចំពោះ​ជីវិត​នរណា​ម្នាក់​ដែល​មិន​អាច​ពន្យារពេល​ក្នុងអំឡុងពេល​ហៅ​ទូរសព្ទ។ ក្នុងករណី​ទាំងនេះ អ្នក​ប្រឹក្សា​អំពី​វិបត្តិ​ចែករំលែក​ព័ត៌មាន​ជាមួយ​ប្រព័ន្ធ 911 ដែល​មាន​សារៈសំខាន់​ក្នុង​ការសង្គ្រោះ​ជីវិត​របស់​អ្នក​ហៅ​ទូរសព្ទ។

តើការហៅទូរសព្ទរបស់ខ្ញុំទៅលេខ 988 នឹងត្រូវបានថតទុកដែរទេ?

ចម្លើយ៖ សារ​ស្វាគមន៍​នៃ​សេវា 988 បញ្ជាក់​ថា​ការ​ហៅ​ទូរសព្ទ​អាច​ត្រូវ​បាន​តាមដាន ឬថត​ទុក​ក្នុង​គោលបំណង​ធានា​គុណភាព។ បន្ថែម​ពីនេះ មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​នៅក្នុង​បណ្ដាញ NSPL អាច​ប្រើ​សំឡេង​ថត​នៃ​ការ​ហៅ​ទូរសព្ទ​ដោយ​ឯករាជ្យ​ក្នុង​គោលបំណង​បណ្ដុះបណ្ដាល អាស្រ័យ​លើ​ការអនុវត្ត​ប្រសើរ​បំផុត​របស់​មជ្ឈមណ្ឌល។

អ្វី​ដែល​សំខាន់​គឺ​ត្រូវ​កត់សម្គាល់​ផង​ដែរ​ថា អ្នក​ដែល​ទាក់ទង​ទៅ​លេខ 988 មិន​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​សេវាកម្ម​នោះ​ទេ។ Substance Abuse and Mental Health Services Administration (រដ្ឋបាល​នៃ​សេវា​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​សារធាតុ​ញៀន) ទទួលស្គាល់​នូវ​សារៈសំខាន់ និង​ការ​រំពឹង​ទុក​អំពី​ឯកជន​ភាព នៅពេល​មនុស្សម្នាក់​ទាក់ទង​ទៅ​លេខ 988។ ប្រព័ន្ធ​បណ្ដាញ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន ដើម្បី​ដោះស្រាយ​ក្ដី​កង្វល់​អំពី​ឯកជន​ភាព។

តើលេខ 988 អាចប្រើសម្រាប់ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀនបានទេ?

 បាន អ្នក​អាច​ហៅ​ទូរសព្ទ​ទៅ​លេខ 988 សម្រាប់​ក្ដី​កង្វល់​អំពី​ការប្រើ​ប្រាស់​សារធាតុ​ញៀន ប៉ុន្តែ​ក្នុងករណី​បន្ទាន់​ដោយសារ​ការប្រើ​ហួស​កម្រិត សូម​ហៅ​ទូរសព្ទ​ទៅ​លេខ 911 និង​ប្រើ​ថ្នាំ​ Naloxone

តើប្រព័ន្ធ 988 បានថវិកាមកពីណា?

សភា​បាន​ផ្ដល់​ថវិកា​សម្រាប់​កម្លាំង​ពលកម្ម​ដល់ Department of Health and Human Services (ក្រសួងសុខាភិបាល និង​សេវា​ជួយ​មនុស្ស​) តាមរយៈ American Rescue Plan (គម្រោង​សង្គ្រោះ​អាមេរិក) ដោយ​ថវិកា​មួយចំនួន​គាំទ្រ​កម្លាំង​ពលកម្ម​សម្រាប់​សេវា 988។

សំណើសុំ​ថវិកា​ក្នុង​ឆ្នាំ​សារពើពន្ធ 2022 របស់​ប្រធានាធិបតី​ផ្ដល់​ថវិកា​បន្ថែម​សម្រាប់ NSPL ផ្ទាល់ និង​សម្រាប់​ប្រភព​ថវិ​កាដោះស្រាយ​វិបត្តិ​សហព័ន្ធ​ផ្សេងទៀត។

នៅថ្នាក់រដ្ឋ បន្ថែមពីលើចរន្តថវិកាក្នុងវិស័យរដ្ឋ/ឯកជនដែលមានស្រាប់ National Suicide Hotline Designation Act (ច្បាប់​ស្ដីពី​ការចាត់ចែង​ខ្សែ​ទូរសព្ទ​បន្ទាន់​ជាតិ​ផ្នែក​ធ្វើ​អត្តឃាត) នៃឆ្នាំ 2020 អនុញ្ញាតឱ្យរដ្ឋនានាអនុម័តថ្លៃសេវាទូរគមនាគមន៍ថ្មីក្នុងរដ្ឋ ដើម្បីគាំទ្រដល់ការដំណើរការសេវា 988។

E2SHB 1477 ទទួល​បាន​ថវិកា​បន្ថែម​ពី​ពន្ធ​លើ​ខ្សែ​ទូរសព្ទ និង​ប្រូ​តូ​កូល​ទំនាក់ទំនង​ជា​សំឡេង​តាម​អ៊ីនធឺណិតរបស់​រដ្ឋ​វ៉ាស៊ីនតោន។

តើសេវា 988 មានផ្ដល់ជូនជាភាសាអ្វីខ្លះ?

បច្ចុប្បន្ន ខ្សែ​ទូរសព្ទ​សង្គ្រោះ​ជីវិត​ពេល​មាន​វិបត្តិ និង​អត្តឃាត 988 ផ្ដល់​សេវា​ទូរសព្ទ​សម្រាប់​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ក្នុង​ពេល​ជាក់ស្ដែង​ជា​ភាសាអង់គ្លេស និង​អេស្ប៉ាញ ហើយ​ប្រើ Language Line Solutions ដើម្បី​ផ្ដល់​សេវា​បកប្រែ​ជាង 250 ភាសា​បន្ថែម។ បច្ចុប្បន្ន សារ​ជា​អក្សរ និង​សារ​ជជែក​អាច​ប្រើជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ។

តើសេវា 988 ជួយសម្រួលដល់មនុស្សពិបាកស្ដាប់ ឬពិការភ្នែកដែរទេ?

 បច្ចុប្បន្ន សេវា 988 ផ្ដល់​សេវា​សម្រាប់​អ្នកប្រើ​ប្រាស់ TTY តាមរយៈ​សេវា​បញ្ជូន​បន្ត​ដែល​ពួក​គេ​ចង់​ប្រើ ឬតាម​ការ​ហៅ​ទូរសព្ទ​ទៅ​លេខ 711 រួច​ចុច​លេខ 1-800-273-8255។ 988 ក៏​ផ្ដល់​សេវា​តាមរយៈ​សារ​ជជែក និង​សារ​ជា​អក្សរ​ផង​ដែរ។ NSPL កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពង្រីក​ទៅ​សេវា​ទូរសព្ទ​ជា​វីដេអូ ដើម្បី​ផ្ដល់​សេវា​កាន់តែ​ប្រសើរ​ជូន​បុគ្គល​ស្ដាប់​មិនឮ ឬពិបាក​ស្ដាប់​ដែល​ស្វែងរក​ជំនួយ​តាមរយៈ​សេវា 988។

សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលកើតឡើង នៅពេលអ្នកហៅទូរសព្ទទៅលេខ 988 សូមមើលក្រាហ្វព័ត៌មាននេះពី NSPL (ជាភាសាអង់គ្លេស)។

Substance Abuse and Mental Health Services Administration (SAMHSA) (ជា​ភាសាអង់គ្លេស) គឺជា​ទីភ្នាក់ងារ​ឈានមុខ​គេ​របស់​សហព័ន្ធ​ក្នុង​កិច្ចសហការ​ជាមួយ​ Federal Communications Commission (FCC) (ជាភាសាអង់គ្លេស) និង Department of Veterans Affairs (ក្រសួងកិច្ចការអតីតអ្នកបម្រើការ) (ជាភាសាអង់គ្លេស)។ Vibrant Emotional Health (សុខភាពផ្លូវអារម្មណ៍ដ៏រស់រវើក) (ជាភាសាអង់គ្លេស) គឺជាស្ថាប័នគ្រប់គ្រងរដ្ឋបាលជាតិលើ NSPL និងសេវា 988។

ធនធាន