ខ្សែទូរសព្ទបន្ទាន់ផ្នែកព័ត៌មានអំពីជំងឺ COVID-19
ប្រសិនបើអ្នកមានសំណួរផ្សេងៗអំពីជំងឺ COVID-19 សូមទូរសព្ទទៅលេខ 1-800-525-0127 រួចចុចលេខ 7។ នៅពេលមានអ្នកលើកទូរសព្ទ សូមប្រាប់ភាសារបស់អ្នក ដើម្បីប្រើសេវាកម្មបកប្រែផ្ទាល់មាត់។ ខ្សែទូរសព្ទបន្ទាន់នេះបើកដំណើរការនៅថ្ងៃចន្ទ ពីម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់ និងពីថ្ងៃអង្គារ៍ដល់ថ្ងៃអាទិត្យ (ព្រមទាំងថ្ងៃឈប់សម្រាកដែលត្រូវបានលើកថ្ងៃ) ពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាច។
មិនអាចចេញពីផ្ទះបាន និងត្រូវការវ៉ាក់សាំងជំងឺ COVID-19 មែនទេ?
មានវិធីបីក្នុងការចុះឈ្មោះ (ជាភាសាអង់គ្លេស) ឬហៅទៅខ្សែទូរសព្ទបន្ទាន់សម្រាប់ជំងឺ COVID-19 លេខ 1-800-525-0127 រួចចុចលេខ 7។
- វ៉ាក់សាំងវីរុសកូរ៉ូណា (COVID-19)
-
ដើម្បីទទួលបានព័ត៌មានលម្អិតនាពេលបច្ចុប្បន្នអំពីវ៉ាក់សាំងជំងឺ COVID-19 សូមចូលមើលគេហទំព័រនេះជាភាសារបស់អ្នក៖ ព័ត៌មានអំពីវ៉ាក់សាំងជំងឺ COVID-19
- រោគសញ្ញា សញ្ញា និងការបង្ការជំងឺ COVID-19
-
រោគសញ្ញាចម្បងៗនៃជំងឺ COVID-19 មានដូចខាងក្រោម៖
- គ្រុនក្តៅឬគ្រុនរងា ក្អក ដង្ហក់ឬពិបាកដកដង្ហើម អស់កម្លាំង ឈឺសាច់ដុំឬឈឺខ្លួនប្រាណ ឈឺក្បាល លែងដឹងក្លិនឬរសជាតិនាពេលថ្មីៗ ឈឺបំពង់ក តឹងច្រមុះឬហៀរសំបោរ ចង្អោរឬក្អួត និងរាករូស។
- ទូរសព្ទទៅលេខ 911 ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាព្រមានឱ្យសង្គ្រោះបន្ទាន់នៃជំងឺ COVID-19៖
- ពិបាកដកដង្ហើម
- ឈឺទ្រូង ឬណែនទ្រូងមិនបាត់
- វង្វេងស្មារតីភ្លាមៗ
- អសមត្ថភាពក្នុងការឆ្លើយតប
- បបូរមាត់ ឬមុខឡើងស្វាយ
- តើក្រុមមនុស្សណាខ្លះប្រឈមនឹងហានិភ័យ?
- មនុស្សវ័យចំណាស់ មនុស្សគ្រប់វ័យដែលមានបញ្ហាសុខភាពស្រាប់ និងស្ត្រីមានផ្ទៃពោះអាចមានហានិភ័យកាន់តែខ្ពស់ដែលអាចមានជំងឺធ្ងន់ធ្ងរដោយសារ COVID-19។
- ជំងឺកូរ៉ូណាប្រភេទថ្មី (COVID-19)
- តើវាជាជំងឺ COVID-19 ឬគ្រុនផ្ដាសាយធំ?
តើខ្ញុំអាចការពារខ្លួនឯង និងគ្រួសាររបស់ខ្ញុំដោយរបៀបណា?
- ចាក់វ៉ាក់សាំង និងចាក់ដូសជំរុញ នៅពេលអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់។
- នៅផ្ទះ ប្រសិនបើអ្នកឈឺ។
- ពាក់ម៉ាស់ និងរក្សាគម្លាតប្រាំមួយហ្វ៊ីត (ពីរម៉ែត្រ) ពីអ្នកដទៃ នៅពេលអ្នកទៅកន្លែងសាធារណៈដែលមានមនុស្សកកកុញ។
- ជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។
- លាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ ឬប្រើទឹកលាងដៃសម្លាប់មេរោគ។
- ប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេលអ្នកក្អកនិងកណ្តាស់។
- កុំប៉ះផ្ទៃមុខ មាត់ ច្រមុះ ឬភ្នែករបស់អ្នក។
- សម្អាតផ្ទៃវត្ថុនានាក្នុងផ្ទះរបស់អ្នក។
- ប្រសិនបើអ្នកមានរោគសញ្ញាជំងឺ COVID-19 សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមិនមានអ្នកផ្ដល់សេវាថែទាំទេ សូមប្រឹក្សាជាមួយមណ្ឌលថែទាំបន្ទាន់ ឬមណ្ឌលសុខភាពសហគមន៍ដែលនៅជិតអ្នក។ ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងទេ សូមទាក់ទងទៅក្រសួងសុខាភិបាលក្នុងតំបន់របស់អ្នក។
- ការធ្វើតេស្តរកមើលជំងឺ COVID-19
-
ដើម្បីទទួលបានព័ត៌មានលម្អិតនាពេលបច្ចុប្បន្នអំពីការធ្វើតេស្តរកមើលជំងឺ COVID-19 សូមចូលមើលគេហទំព័រនេះជាភាសារបស់អ្នក៖ ព័ត៌មានអំពីការធ្វើតេស្តរកមើលជំងឺ COVID-19 ។
- ការធ្វើចត្តាឡីស័ក និងការនៅដាច់ដោយឡែក
-
ដើម្បីស្វែងយល់បន្ថែមអំពីអត្ថន័យនៃពាក្យទាំងនេះ និងរយៈពេលដែលត្រូវនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក សូមចូលមើលគេហទំព័រអំពីវិធីគណនារយៈពេលនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក។
- ការពាក់ម៉ាស់
-
ម៉ាស់ជួយកាត់បន្ថយការបញ្ចេញភាគល្អិតនៃវីរុសទៅក្នុងបរិយាកាស នៅពេលមនុស្សដែលមានផ្ទុកជំងឺ COVID-19 និយាយ ក្អក ឬកណ្ដាស់។ អាចមានករណីដែលមានផ្ទុកជំងឺ COVID-19 ប៉ុន្តែមានរោគសញ្ញាកម្រិតស្រាល ឬគ្មានរោគសញ្ញាសោះ។ ការពាក់ម៉ាស់ជួយបង្ការមិនឱ្យចម្លងជំងឺ COVID-19 ទៅអ្នកដទៃដោយមិនដឹងខ្លួន។ ការចម្លងកម្រិតស្រាលចំពោះអ្នក ប៉ុន្តែអាចគ្រោះថ្នាក់ដល់ជីវិតចំពោះអ្នកដទៃ។
ខាងក្រោមនេះគឺជាការណែនាំអំពីការពាក់ម៉ាស់៖
- ម៉ាស់គួរតែគ្របលើមាត់និងច្រមុះរបស់អ្នក ហើយតឹងណែនល្មមនៅសងខាងមុខរបស់អ្នក។
- ពាក់ម៉ាស់របស់អ្នក ហើយដោះវាចេញដោយប្រើខ្សែ ឬខ្សែម៉ាស់ ហើយកុំប៉ះផ្នែកខាងមុខនៃម៉ាស់ ឬមុខរបស់អ្នក។
- បោះចោលម៉ាស់ពេទ្យ ឬបោកគក់វត្ថុគ្របមុខរៀងរាល់ថ្ងៃដែលអ្នកប្រើវា ហើយលាងលម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់។
- កុមារអាយុក្រោមពីរឆ្នាំមិនគួរពាក់ម៉ាស់ទេ ហើយកុមារអាយុ 2 ដល់ 4 ឆ្នាំគួរតែ មានការមើលការខុសត្រូវពីមនុស្សពេញវ័យ ខណៈពេលកំពុងពាក់ម៉ាស់។
- សេចក្ដីបង្គាប់បញ្ជាឱ្យពាក់ម៉ាស់មានករណីលើកលែងសម្រាប់មនុស្សដែលមានបញ្ហាសុខភាពមួយចំនួន។ ប្រសិនបើអ្នកមានការព្រួយបារម្ភ សូមសាកសួរគ្រូពេទ្យរបស់អ្នក ដើម្បីដឹងពីជម្រើសល្អបំផុតសម្រាប់អ្នក។
- ការទៅហាង និងទីសាធារណៈនានាឱ្យកាន់តែមានសុវត្ថិភាព
-
មានចំណុចជាច្រើនដែលអ្នកអាចពិចារណានៅមុនពេល អំឡុងពេល និងក្រោយពេលអ្នកចាកចេញពីផ្ទះ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ។
មុនពេលចាកចេញ៖
- បើអ្នកឈឺ កុំទៅហាងឬទីសាធារណៈផ្សេងទៀត ប្រសិនបើអាច។ ពឹងសមាជិកគ្រួសារ ឬមិត្តភក្តិឱ្យទៅយករបស់របរជំនួសអ្នក។
- ពិចារណាបញ្ជាទិញគ្រឿងទេស ឱសថ និងរបស់របរផ្សេងទៀតតាមអ៊ីនធឺណិត ហើយឱ្យគេដឹកមកផ្ទះអ្នក។
- ពិនិត្យមើលកាលវិភាគពិសេស។ ហាងមួយចំនួនអាចមានម៉ោងបើកលក់ពិសេសសម្រាប់មនុស្សដែលមានអាយុលើស 65 ឆ្នាំ និងមនុស្សដែលមានបញ្ហាសុខភាពជាក់លាក់។ ពិចារណាទៅហាងនៅម៉ោងមិនសូវមានមនុស្សច្រើន ប្រសិនបើអាច។
- លាងសម្អាតដៃរបស់អ្នក មុនពេលអ្នកចេញពីផ្ទះ។
ពេលអ្នកនៅក្រៅផ្ទះ៖
- ពាក់ម៉ាស់ដើម្បីឱ្យវាបិទបាំងច្រមុះនិងមាត់របស់អ្នក។
- រក្សាគម្លាតយ៉ាងហោចណាស់ប្រាំមួយហ្វ៊ីត (ពីរម៉ែត្រ) រវាងអ្នក និងអ្នកដទៃ សូម្បីនៅពេលតម្រង់ជួរបង់ប្រាក់។
- ខ្ទប់មាត់ពេលអ្នកក្អក ឬកណ្តាស់។
- កុំប៉ះផ្ទៃមុខរបស់អ្នក។
- ប្រសិនបើទិញទំនិញ ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគ ឬក្រណាត់ជូតសម្លាប់មេរោគ ដើម្បីសម្អាតដងរទេះ ឬកន្ត្រកទំនិញ។
ពេលអ្នកមកផ្ទះ៖
- ប្រសិនបើអ្នកបានពាក់ម៉ាស់ ត្រូវប្រាកដថាបោកគក់ និងរក្សាវាទុកឱ្យមានសុវត្ថិភាព ឬបោះវាចោល ប្រសិនបើវាជាម៉ាស់ដែលអាចបោះចោលបាន។
- លាងសម្អាតដៃរបស់អ្នក។
- ធ្វើតាមការអនុវត្តសុវត្ថិភាពចំណីអាហារ។ កុំសម្លាប់មេរោគលើផលិតផលដែលអាចបរិភោគបាន។ លាងបន្លែផ្លែឈើតាមធម្មតា។
- ការណែនាំអំពីការទិញគ្រឿងទេសក្នុងវិបត្តិ COVID-19។
- មនុស្សមានហានិភ័យខ្ពស់ដែលអាចនឹងឈឺធ្ងន់
-
មនុស្សមានហានិភ័យខ្ពស់ដែលអាចនឹងឈឺធ្ងន់អាចចាត់វិធានការប្រុងប្រយ័ត្នជាមុនបន្ថែមទាំងនេះ៖
- ទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក នៅពេលអ្នកត្រូវការដំបូន្មាន។ គ្លីនិកមួយចំនួនប្រើ "ប្រព័ន្ធទំនាក់ទំនងជាមួយអ្នកជំងឺតាមអ៊ីនធឺណិត" ដើម្បីធ្វើទំនាក់ទំនង ហើយគ្លីនិកជាច្រើនមានបុគ្គលិកដែលអាចទទួលទូរសព្ទ និងផ្ដល់ដំបូន្មាន។ ទោះយ៉ាងណា សូមចងចាំថាគ្លីនិកទាំងនោះអាចមមាញឹកខ្លាំង។
- ធ្វើបញ្ជីឱសថដែលអ្នកត្រូវការជាញឹកញាប់ ហើយសាកសួរឱសថស្ថាន ឬអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីឱ្យដឹងថាពួកគេអាចផ្ដល់ឱសថតាមវេជ្ជបញ្ជាបន្ថែមបានឬអត់។ រក្សាកំណត់ត្រាអំពីឱសថ ឬអាហារបំប៉នបន្ថែមផ្សេងទៀតដែលអ្នកប្រើ និងតាមដានអាការបច្ចុប្បន្នរបស់អ្នកតាមការណែនាំ។
- តាមដានព័ត៌មានថ្មីៗអំពីវ៉ាក់សាំងដែលបានណែនាំទាំងអស់។ ត្រូវប្រាកដថាចាក់វ៉ាក់សាំងជំងឺ COVID-19 និងដូសជំរុញ នៅពេលអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់។ ចុចត្រង់នេះ ដើម្បីស្វែងរកអ្នកផ្ដល់វ៉ាក់សាំងដែលនៅជិតអ្នក។
- ត្រូវប្រាកដថាអ្នកមានអាហារ និងផលិតផលអនាម័យផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ប្រសិនបើអ្នកត្រូវនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក។
- រកនរណាម្នាក់ដែលអាចជួយអ្នក និងស្នើឱ្យគាត់ហៅទូរសព្ទទៅអ្នក ដើម្បីឱ្យប្រាកដថាអ្នកគ្មានបញ្ហាអ្វីមួយ។ ត្រូវធ្វើយ៉ាងណាឱ្យបុគ្គលម្នាក់នេះយល់ថា គាត់មិនគួរមកសួរសុខទុក្ខអ្នកទេ ប្រសិនបើគាត់មិនស្រួលខ្លួន។
- តាមដានសុខភាពរបស់អ្នក និងទៅរកគ្រូពេទ្យប្រសិនបើចាំបាច់។
- ការមានផ្ទៃពោះ ទារក និងជំងឺ COVID-19
-
ប្រការដែលត្រូវដឹង ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ
- មនុស្សមានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗប្រឈមនឹងហានិភ័យខ្ពស់ដែលអាចមានជំងឺធ្ងន់ធ្ងរដោយសារ COVID-19 ធៀបទៅនឹងមនុស្សដែលគ្មានផ្ទៃពោះ។
- មនុស្សដែលបានឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះក៏មានហានិភ័យខ្ពស់ដែលអាចសម្រាលកូនមុនពេលកំណត់ (សម្រាលកូនមុន 37 សប្ដាហ៍) និងកូនស្លាប់ក្នុងពោះ ហើយអាចមានហានិភ័យខ្ពស់ដែលអាចមានបញ្ហាផ្សេងទៀតក្នុងពេលមានផ្ទៃពោះផងដែរ។
- មនុស្សមានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗ និងមនុស្សដែលពួកគេបានប៉ះពាល់ជាមួយ គួរតែចាត់វិធានការទាំងនេះ ដើម្បីជួយការពារខ្លួនកុំឱ្យឆ្លងជំងឺ COVID-19៖
- ចាក់វ៉ាក់សាំង និងដូសជំរុញ។
- ពាក់ម៉ាស់។
- រក្សាគម្លាត 6 ហ្វ៊ីត (2 ម៉ែត្រ) ពីអ្នកដទៃ និងជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញ
- ចូលមិនគ្រប់គ្រាន់។
- ធ្វើតេស្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅអ្នកដទៃ។
- លាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ និងប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេល
- អ្នកក្អកនិងកណ្តាស់។
- សម្អាត និងសម្លាប់មេរោគក្នុងផ្ទះរបស់អ្នកជាប្រចាំ។
- តាមដានសុខភាពរបស់អ្នកប្រចាំថ្ងៃ។
- ទូរសព្ទទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកភ្លាម ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការមានផ្ទៃពោះ ប្រសិនបើអ្នកឈឺ ឬប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានផ្ទុកជំងឺ COVID-19។
ការមានផ្ទៃពោះ និងវ៉ាក់សាំងជំងឺ COVID-19
- វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានណែនាំសម្រាប់មនុស្សមានផ្ទៃពោះ កំពុងបំបៅកូនដោយទឹកដោះម្ដាយ/បំបៅកូនលើដើមទ្រូង ដែលព្យាយាមចង់មានផ្ទៃពោះនៅពេលនេះ ឬប្រហែលជាមានផ្ទៃពោះនាពេលអនាគត។
- ភស្តុតាងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងជំងឺ COVID-19 អំឡុងពេលមានផ្ទៃពោះមានកាន់តែច្រើនឡើងៗ។ ទិន្នន័យនេះលើកឡើងថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងជំងឺ COVID-19 មានច្រើនជាងហានិភ័យនៃការចាក់វ៉ាក់សាំងដែលអាចកើតមាន ឬដែលគេបានដឹងក្នុងអំឡុងពេលមានផ្ទៃពោះ។
- មនុស្សដែលមានផ្ទៃពោះគួរតែចាក់ដូសជំរុញនៃវ៉ាក់សាំងជំងឺ COVID-19 នៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់។
- វ៉ាក់សាំងជំងឺ COVID-19 មិនធ្វើឱ្យឆ្លងជំងឺ COVID-19 រួមទាំងមនុស្សមានផ្ទៃពោះ ឬទារករបស់ពួកគេ។
- បច្ចុប្បន្ននេះ គ្មានភស្តុតាងណាមួយបង្ហាញថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំងជំងឺ COVID-19 បង្កឱ្យមានបញ្ហាមិនអាចមានកូនសម្រាប់ស្ត្រី ឬបុរសនោះទេ។
- មានផ្ទៃពោះ និងមានសំណួរបន្ថែមអំពីវ៉ាក់សាំងជំងឺ COVID-19 មែនទេ? សូមពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ឬទាក់ទងទៅអង្គការ MotherToBaby (ម្ដាយទៅទារក) ដែលមានអ្នកជំនាញរង់ចាំឆ្លើយសំណួរតាមទូរសព្ទ ឬសារជជែក។ សេវាឥតគិតថ្លៃដែលរក្សាការសម្ងាត់នេះមានផ្ដល់ជូនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។ សូមចូលទៅកាន់គេហទំព័រអង្គការ MotherToBaby (ម្ដាយទៅទារក) ដើម្បីផ្ញើសារជជែកផ្ទាល់ ឬផ្ញើអ៊ីមែល ឬទូរសព្ទទៅលេខ 1-866-626-6847 (មានជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
ការថែទាំសម្រាប់ទារកទើបនឹងកើត ប្រសិនបើអ្នកមានផ្ទុកជំងឺ COVID-19
- ទារកទើបនឹងកើតភាគច្រើនរបស់មនុស្សដែលបានឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះ មិនមានផ្ទុកជំងឺ COVID-19 ទេ នៅពេលដែលទារកទាំងនោះកើតមក។
- ទារកទើបនឹងកើតភាគច្រើនដែលបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 មានរោគសញ្ញាកម្រិតស្រាល ឬគ្មានរោគសញ្ញាទេ ហើយជាសះស្បើយ។ របាយការណ៍នានាបញ្ជាក់ថា ទារកទើបនឹងកើតមួយចំនួនបានវិវឌ្ឍទៅជាជំងឺ COVID-19 កម្រិតធ្ងន់។
- ប្រសិនបើអ្នកកំពុងនៅដាច់ដោយឡែកសម្រាប់ជំងឺ COVID-19 និងមានទារកទើបនឹងកើត សូមចាត់វិធានការប្រុងប្រយ័ត្នជាមុនខាងក្រោម រហូតដល់បញ្ចប់រយៈពេលនៅដាច់ដោយឡែក៖
- នៅផ្ទះដើម្បីផ្ដាច់ខ្លួនអ្នកពីអ្នកដទៃក្រៅពីក្រុមគ្រួសាររបស់អ្នក។
- នៅដាច់ដោយឡែក (នៅឱ្យឆ្ងាយ) ពីសមាជិកគ្រួសារផ្សេងទៀតដែលមិនបានឆ្លងជំងឺ និងពាក់ម៉ាស់នៅកន្លែងប្រើប្រាស់រួម។
- មានអ្នកថែទាំដែលមានសុខភាពល្អ បានចាក់វ៉ាក់សាំងគ្រប់ចំនួន និងមិនមានហានិភ័យខ្ពស់ដែលអាចមានជំងឺធ្ងន់ធ្ងរ ដើម្បីថែទាំទារកទើបនឹងកើតរបស់អ្នក។ ប្រសិនបើអាច សូមច្របាច់ទឹកដោះរបស់អ្នក ដើម្បីឱ្យអ្នកថែទាំអាចបំបៅកូនអ្នកបាន។ ប្រសិនបើអ្នកកំពុងបំបៅកូនដោយប្រើម្សៅទឹកដោះគោ សូមឱ្យអ្នកថែទាំដែលមានសុខភាពល្អនោះរៀបចំ។
- អនុវត្តតាមវិធានការប្រុងប្រយ័ត្នជាមុនដែលបានណែនាំ ប្រសិនបើអ្នកត្រូវតែថែទាំទារកទើបនឹងកើតមុនបញ្ចប់រយៈពេលនៅដាច់ដោយឡែក រួមទាំងការពាក់ម៉ាស់ក្នុងពេលកំពុងបំបៅ ឬពរកូនរបស់អ្នក។
- តាមដានទារកទើបនឹងកើតរបស់អ្នកក្រែងមានរោគសញ្ញាជំងឺ COVID-19។
- ការមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំទារករបស់អ្នកដែលមានការសង្ស័យ ឬបញ្ជាក់ថាមានផ្ទុកជំងឺ COVID-19។
- ភស្តុតាងបច្ចុប្បន្នបង្ហាញថា ទឹកដោះម្ដាយទំនងជាមិនចម្លងវីរុសទៅទារកទេ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា មនុស្សដែលបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ផ្ទេរអង់ទីករការពារទៅទារករបស់ខ្លួនតាមរយៈទឹកដោះម្ដាយ។ ប្រសិនបើអ្នកមានផ្ទុកជំងឺ COVID-19 និងជ្រើសរើសបំបៅកូនដោយទឹកដោះម្ដាយ/បំបៅកូនលើដើមទ្រូង៖
- លាងសម្អាតដៃរបស់អ្នក មុនពេលបំបៅកូនដោយទឹកដោះម្ដាយ/បំបៅកូនលើដើមទ្រូង
- ពាក់ម៉ាស់ក្នុងពេលកំពុងបំបៅកូនដោយទឹកដោះម្ដាយ/បំបៅកូនលើដើមទ្រូង និងរាល់ពេលដែលអ្នកនៅក្បែរទារករបស់អ្នកក្រោម 6 ហ្វ៊ីត (2 ម៉ែត្រ)។
Parent Support Warm Line (ខ្សែទូរសព្ទមិនបន្ទាន់សម្រាប់ផ្ដល់ជំនួយដល់មាតាបិតា) បើកដំណើរការសម្រាប់អ្នកមានផ្ទៃពោះ ឬមាតាបិតាថ្មីថ្មោង ឬមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវការជំនួយ និងព័ត៌មានអំពីសុខភាពផ្លូវចិត្ត។ ទូរសព្ទទៅលេខ 1-888-404-7763 ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 9 ព្រឹកដល់ម៉ោង 4:30 រសៀល (មានជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។ ខ្សែទូរសព្ទមិនបន្ទាន់របស់យើងមានអ្នកធ្វើកិច្ចការសង្គម អ្នកព្យាបាលមានអាជ្ញាប័ណ្ណ ឬមាតាបិតាដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត/ថប់អារម្មណ៍ក្រោយសម្រាលកូនរង់ចាំផ្ដល់ជំនួយ។ ប្រសិនបើហៅទូរសព្ទមកក្រោយម៉ោងធ្វើការ យើងនឹងហៅទូរសព្ទទៅវិញក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើបាន។ ហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬអ៊ីមែលមកយើងតាមរយៈ warmline@perinatalsupport.org។
- ការថែទាំខ្លួនអ្នក និងគ្រួសាររបស់អ្នក
-
Washington Listens (ស្តាប់ក្តីកង្វល់រដ្ឋវ៉ាស៊ីនតោន)៖ ប្រសិនបើអ្នកត្រូវការជជែកជាមួយនរណាម្នាក់អំពីបញ្ហាស្ត្រេសដែលបណ្ដាលមកពីជំងឺ COVID-19 សូមទូរសព្ទទៅ Washington Listens តាមរយៈលេខ 1-833-681-0211។ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 9:00 យប់ និងនៅចុងសប្ដាហ៍ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 6:00 ល្ងាច តែងតែមាននរណាម្នាក់សម្រាប់ជជែកជាមួយជានិច្ច។ TTY (ទូរអង្គុលីលេខ) និងសេវាកម្មប្រើប្រាស់ភាសានឹងមានផ្ដល់ជូន។ អ្នកក៏អាចស្វែងរកធនធានបន្ថែមសម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍នៅទីនេះ (ជាភាសាអង់គ្លេស)។
- បន្តតាមដានព័ត៌មានថ្មីៗអំពីស្ថានភាពឆ្លងរាលដាលបច្ចុប្បន្ន និងការណែនាំបន្ថែមដែលផ្ដល់ព័ត៌មានដោយទីភ្នាក់ងារសុខភាពសាធារណៈក្នុងតំបន់ ព័ត៌មានថ្មីៗពីគេហទំព័រផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយដែលអាចទុកចិត្តបាន។
- រៀបចំបញ្ជីធនធានសហគមន៍ ដូចជាលេខទូរសព្ទ គេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ អ្នកអាចបន្ថែមឈ្មោះសាលារៀន វេជ្ជបណ្ឌិត ស្ថាប័នសុខភាពសាធារណៈ សេវាសង្គម ខ្សែទូរសព្ទបន្ទាន់របស់មជ្ឈមណ្ឌលសហគមន៍សម្រាប់សុខភាព និងវិបត្តិផ្លូវចិត្ត។
- រក្សាទំនាក់ទំនងជាមួយសមាជិកគ្រួសារ និងមិត្តភក្តិតាមទូរសព្ទ ឬសេវាកម្មតាមអ៊ីនធឺណិត។
- មានសម្ភារៈថែទាំសុខភាពជាមូលដ្ឋាន (ដូចជាសាប៊ូដុំ ទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុអាល់កុល ក្រដាសជូតមាត់ ទែរម៉ូម៉ែត្រ ឱសថកាត់បន្ថយគ្រុនក្ដៅ និងឧបករណ៍ធ្វើតេស្តរកមើលជំងឺ COVID-19 នៅផ្ទះ)។
- ព្យាយាមធ្វើយ៉ាងណាឱ្យមានឱសថដែលអ្នក ឬសមាជិកគ្រួសាររបស់អ្នកប្រើជាប្រចាំ។
ជំនួយសម្រាប់សមាជិកគ្រួសារវ័យក្មេងៗរបស់អ្នក
- ស្វែងរកជំនួយ និងការទំនាក់ទំនងជាបន្តបន្ទាប់ពីមិត្តភក្តិនិងគ្រួសាររបស់ពួកគេដោយជជែកតាមទូរសព្ទ សារជាអក្សរ អ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ប្រសិនបើព័ត៌មានធ្វើឱ្យពួកគេមានទុក្ខកង្វល់ខ្លាំង កុំភ្លេចសម្រាក។ ជជែកជាមួយកូនៗរបស់អ្នក ដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីព័ត៌មានដែលពួកគេអាចទទួលបានពីអ៊ីនធឺណិត ឬប្រភពព័ត៌មានផ្សេងទៀត។
- ផ្ដោតលើការជួយកុមារដោយលើកទឹកចិត្តឱ្យពួកគេសួរសំណួរ និងជួយឱ្យពួកគេយល់ពីស្ថានភាពបច្ចុប្បន្ន។
- ជជែកអំពីអារម្មណ៍ដែលពួកគេមាន និងយល់ពីអារម្មណ៍ទាំងនោះ។
- ជួយឱ្យពួកគេបង្ហាញអារម្មណ៍ក្នុងចិត្តដោយគូររូប ឬសកម្មភាពផ្សេងទៀត។
- លួងលោម និងមានការអត់ធ្មត់ជាងធម្មតា។
សកម្មភាពគ្រួសារ
ទោះបីជាគ្រួសាររបស់អ្នកកំពុងនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កក៏ដោយ សូមចងចាំថាវាជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។
ធ្វើតាមកាលវិភាគរបស់គ្រួសារឱ្យបានជាប់លាប់ពាក់ព័ន្ធនឹងម៉ោងគេង ទទួលទានអាហារ និងហាត់ប្រាណ។
ប្រសិនបើកូនរបស់អ្នកចូលរួមក្នុងឱកាសសិក្សាពីចម្ងាយដែលផ្ដល់ជូនដោយសាលារៀនរបស់ពួកគេ ឬអង្គការផ្សេងទៀត សូមស្វែងរកឱកាសឱ្យកូនរបស់អ្នកជួបជុំជាមួយកុមារតូចៗដូចគ្នាដោយសុវត្ថិភាព។
ទទួលស្គាល់ថាអារម្មណ៍ដូចជា ឯកា ធុញទ្រាន់ ខ្លាចឆ្លងជំងឺ ថប់អារម្មណ៍ កើតទុក្ខខ្លាំង និងស្លន់ស្លោ គឺជាប្រតិកម្មដែលកើតមានជាធម្មតាក្នុងស្ថានភាពដែលបង្កភាពស្ត្រេស ដូចជាការឆ្លងរាលដាលជាសកលជាដើម។
ជួយគ្រួសាររបស់អ្នកធ្វើសកម្មភាពសប្បាយៗ និងមានអត្ថន័យដែលស្របតាមតម្លៃគ្រួសារ និងវប្បធម៌របស់អ្នក។
- ធនធានបន្ថែម