លទ្ធភាពទទួលបានឧបករណ៍ធ្វើតេស្ត
- តើខ្ញុំអាចទទួលការធ្វើតេស្តជំងឺ COVID-19 នៅកន្លែងណា?
-
សូមសាកល្បងធ្វើតាមជម្រើសខាងក្រោម៖
- ទាន់នៅមានក្នុងស្តុក សូមកុម្ម៉ង់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃពី Say Yes! COVID Test (ព្រមធ្វើតេស្តរកជំងឺ COVID!) (ជាភាសាអង់គ្លេស) ឬទូរសព្ទទៅលេខ 1-800-525-0127 រួចចុចសញ្ញា # ដើម្បីទទួលបានជំនួយផ្នែកភាសា។ កុម្ម៉ង់បានតែមួយប៉ុណ្ណោះក្នុងមួយគ្រួសារ។
- កុម្ម៉ង់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃពីកម្មវិធីរបស់សហព័ន្ធនៅ COVIDTests.gov (ជាភាសាអង់គ្លេស)។ កុម្ម៉ង់បានតែមួយប៉ុណ្ណោះក្នុងមួយគ្រួសារ។
- ទិញឧបករណ៍ធ្វើតេស្តនៅផ្ទះពីហាងលក់រាយ និងឱសថស្ថានក្នុងតំបន់។
- ប្រសិនបើអ្នកមានធានារ៉ាប់រងសុខភាព ឥឡូវនេះក្រុមហ៊ុនធានារ៉ាប់រងភាគច្រើននឹងសងប្រាក់ដល់អ្នកវិញសម្រាប់ការធ្វើតេស្តនៅផ្ទះរហូតដល់ 8 ដងក្នុងមួយខែ សម្រាប់មនុស្សម្នាក់ៗក្នុងគម្រោងរបស់អ្នក។ សូមអានព័ត៌មានបន្ថែមនៅទីនេះ (ជាភាសាអង់គ្លេស)។
- ធ្វើតេស្តនៅទីតាំងធ្វើតេស្តដែលនៅជិតអ្នក (ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកទីតាំងធ្វើតេស្តដែលនៅជិតអ្នក សូមសាកសួរក្រសួងសុខាភិបាលក្នុងតំបន់ ឬមណ្ឌលរបស់អ្នក (ជាភាសាអង់គ្លេស)។ អ្នកក៏អាចទូរសព្ទទៅលេខ 1-800-525-0127 រួចចុចសញ្ញា # ផងដែរ។ នៅពេលមានអ្នកលើកទូរសព្ទ សូមប្រាប់ភាសារបស់អ្នក ដើម្បីប្រើសេវាកម្មបកប្រែផ្ទាល់មាត់។
- ខ្ញុំមិនមានអ៊ីនធឺណិតប្រើទេ / គេហទំព័រមិនមានជាភាសារបស់ខ្ញុំទេ។ តើខ្ញុំកុម្ម៉ង់ឧបករណ៍ឥតគិតថ្លៃនៅរដ្ឋវ៉ាស៊ីនតោនដោយរបៀបណា?
-
សូមទូរសព្ទទៅលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា #។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។ មជ្ឈមណ្ឌលហៅទូរសព្ទអាចកុម្ម៉ង់ជំនួសអ្នកបានតាមរយៈប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិតនៃរដ្ឋវ៉ាស៊ីនតោន និងសហព័ន្ធ។
- តើខ្ញុំនឹងទទួលបានឧបករណ៍ធ្វើតេស្តឥតគិតថ្លៃរបស់ខ្ញុំនៅពេលណា?
-
ឧបករណ៍ធ្វើតេស្តដែលបានស្នើសុំតាមរយៈកម្មវិធី (Say YES! COVID Test (ព្រមធ្វើតេស្តរកជំងឺ COVID!) ឬ Federal Program (កម្មវិធីសហព័ន្ធ)) ជាធម្មតានឹងដឹកជញ្ជូនក្នុងចន្លោះពេល 1-2 សប្ដាហ៍ បន្ទាប់ពីកុម្ម៉ង់រួច។
- គេហទំព័រប្រាប់ថាឧបករណ៍ធ្វើតេស្តអស់ពីស្តុកហើយ។ តើពេលណានឹងមានផ្ដល់ជូន?
-
គួរឱ្យសោកស្ដាយ យើងមិនមានកាលបរិច្ឆេទច្បាស់លាស់ថាតើពេលណានឹងមានស្តុកវិញទេ ដោយសារការពន្យារពេលគឺអាស្រ័យលើតម្រូវការនៃខ្សែចង្វាក់ផ្គត់ផ្គង់ថ្នាក់ជាតិ។ សូមត្រឡប់មកពិនិត្យមើលជាប្រចាំនៅ sayyescovidhometest.org (ជាភាសាអង់គ្លេស)។ សូមអរគុណសម្រាប់ភាពអត់ធ្មត់របស់អ្នក!
ប្រសិនបើអ្នកត្រូវការធ្វើតេស្តជាបន្ទាន់ សូមប្រើជម្រើសដែលមាននៅក្រោមសំណួរ ‘តើខ្ញុំអាចធ្វើតេស្តរកមើលជំងឺ COVID-19 នៅឯណា?'។
- បន្ទាប់ពីអនុវត្តតាមជម្រើសធ្វើតេស្តដែលបានណែនាំ ខ្ញុំនៅតែរកមិនឃើញកន្លែងធ្វើតេស្តដដែល។ តើខ្ញុំធ្វើដូចម្តេច ប្រសិនបើខ្ញុំគិតថាខ្ញុំមានផ្ទុកជំងឺ COVID-19?
-
គួរឱ្យសោកស្ដាយដែលអ្នកកំពុងជួបបញ្ហាពិបាកក្នុងការស្វែងរកទីតាំងធ្វើតេស្តរកមើលជំងឺ COVID-19។ យើងដឹងថាស្តុកមានចំនួនកំណត់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
ប្រសិនបើអ្នកមានរោគសញ្ញាជំងឺ COVID-19 ឬបានប្រឈមនឹងការឆ្លងជំងឺ COVID-19 ហើយបារម្ភថាប្រហែលជាបានឆ្លង យើងសូមណែនាំចំណុចខាងក្រោម៖
- អនុវត្តតាមការណែនាំដូចគ្នាទៅនឹងចំណុចប្រការដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19។
- ប្រសិនបើអ្នកមិនអាចនៅដាច់ដោយឡែកបានទេ អ្នកគួរតែធ្វើដូចខាងក្រោម៖
- ពាក់ម៉ាស់ដែលអាចបិទច្រមុះ និងមាត់របស់អ្នកបានជិតល្អ នៅគ្រប់ពេលដែលអ្នកនៅក្បែរអ្នកដទៃនៅក្រៅផ្ទះរបស់អ្នក (យកល្អគួរប្រើម៉ាស់ KN95, KF-94 ឬម៉ាស់ពេទ្យ 3 ស្រទាប់ ប្រសិនបើអាច)។
- រក្សាគម្លាតរាងកាយយ៉ាងហោចណាស់ 6 ហ្វ៊ីត/2 ម៉ែត្រពីអ្នកដទៃ។
- លាងសម្អាតដៃរបស់អ្នកជាប្រចាំ។
- ជៀសវាងកន្លែងមានមនុស្សច្រើន និងការជួបជុំគ្នាច្រើន។
ការធ្វើតេស្តទូទៅ
- តើនរណាខ្លះគួរធ្វើតេស្ត?
-
Department of Health (DOH, ក្រសួងសុខាភិបាល) ណែនាំឱ្យធ្វើតេស្តសម្រាប់បុគ្គលគ្រប់រូបដែលមានរោគសញ្ញាត្រូវនឹងជំងឺ COVID-19។
DOH ក៏ណែនាំឱ្យធ្វើតេស្តផងដែរសម្រាប់បុគ្គលដែលទំនងជាប្រឈមនឹងការឆ្លងជំងឺ ដូចជាករណីប៉ះពាល់ផ្ទាល់ ឬបុគ្គលដែលបានប្រឈមនៅក្នុងស្ថានភាពផ្ទុះជំងឺនេះ។
- តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំធ្វើតេស្តវិជ្ជមាន?
-
អនុវត្តតាមការណែនាំរបស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) និងការណែនាំរបស់ DOH ហើយនៅដាច់ដោយឡែកក្នុងផ្ទះ ដាច់ឆ្ងាយពីអ្នកដទៃ។ ការប៉ះពាល់ផ្ទាល់ទាំងអស់គួរតែធ្វើចត្តាឡីស័ក។
- អ្នកគ្រប់គ្នាដែលបានស្មានទុកជាមុន ឬបានបញ្ជាក់ថាមានផ្ទុកជំងឺ COVID-19 គួរតែនៅផ្ទះ ហើយនៅដាច់ដោយឡែកពីអ្នកដទៃឱ្យបានយ៉ាងហោចណាស់ 5 ថ្ងៃពេញ (ថ្ងៃទីមួយដែលចេញរោគសញ្ញា ឬថ្ងៃធ្វើតេស្តវិជ្ជមានសម្រាប់បុគ្គលដែលគ្មានរោគសញ្ញាត្រូវរាប់ជាថ្ងៃទី 0)។ ពួកគេគួរតែពាក់ម៉ាស់ នៅពេលនៅជិតអ្នកដទៃក្នុងផ្ទះ និងនៅទីសាធារណៈឱ្យបាន 5 ថ្ងៃទៀត។
- ប្រសិនបើបុគ្គលណាម្នាក់មានលទ្ធភាពធ្វើតេស្ត និងចង់ធ្វើតេស្ត នោះវិធីល្អបំផុតគឺត្រូវប្រើតេស្តអង់ទីសែននៅចុងបញ្ចប់នៃរយៈពេលនៅដាច់ដោយឡែក 5 ថ្ងៃរបស់អ្នក។ យកតែសំណាកធ្វើតេស្តបានហើយ ប្រសិនបើអ្នកគ្មានគ្រុនក្ដៅរយៈពេល 24 ម៉ោងដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ ហើយរោគសញ្ញាផ្សេងទៀតរបស់អ្នកបានធូរស្បើយ (ការលែងដឹងក្លិននិងរសជាតិអាចបន្តមានច្រើនសប្ដាហ៍ឬខែ បន្ទាប់ពីជាសះស្បើយ និងមិនបាច់ពន្យារពេលបញ្ចប់ការនៅដាច់ដោយឡែកទេ)។
- ប្រសិនបើការធ្វើតេស្តរបស់អ្នកមានលទ្ធផលវិជ្ជមាន អ្នកគួរតែបន្តនៅដាច់ដោយឡែករហូតដល់ថ្ងៃទី 10។
- ប្រសិនបើការធ្វើតេស្តរបស់អ្នកមានលទ្ធផលអវិជ្ជមាន អ្នកអាចបញ្ចប់ការនៅដាច់ដោយឡែកបាន ប៉ុន្តែត្រូវបន្តពាក់ម៉ាស់ដែលតឹងណែនល្អនៅក្បែរអ្នកដទៃក្នុងផ្ទះ និងនៅទីសាធារណៈរហូតដល់ថ្ងៃទី 10។
ដើម្បីរាយការណ៍អំពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 នៅផ្ទះ និងទទួលបានសេវាថែទាំ សូមហៅទៅខ្សែទូរសព្ទបន្ទាន់អំពីជំងឺ COVID របស់រដ្ឋវ៉ាស៊ីនតោនលេខ 1-800-525-0127។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។
ប្រសិនបើអ្នកបានទាញយក ឬបានបើក WA Notify (កម្មវិធីជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) នៅលើទូរសព្ទស្មាតហ្វូនរបស់អ្នករួចហើយ អ្នកក៏អាចប្រើកម្មវិធីនេះដើម្បីរាយការណ៍អំពីលទ្ធផលធ្វើតេស្តវិជ្ជមានបានផងដែរ។
ព័ត៌មានបន្ថែមមាននៅទីនេះ៖ ប្រការដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន។