គោលការណ៍ឯកជនភាពនេះអនុវត្តចំពោះកម្មវិធី WA Notify (ការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) ដែលជាបច្ចេកវិទ្យាផ្លូវការនៃការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺសម្រាប់រដ្ឋវ៉ាស៊ីនតោន។ កម្មវិធី WA Notify ត្រូវបានបង្កើតឡើងដោយមានការត្រួតពិនិត្យ និងយល់ព្រមពី Department of Health (DOH, ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោន។
តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល និងប្រើប្រាស់?
ទិន្នន័យខាងក្រោមអាចត្រូវបានប្រមូលនៅក្នុងកម្មវិធី WA Notify៖
- ទាញយក ឬបើកដំណើរការកម្មវិធី WA Notify។
- ទទួលការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។
- ដាក់បញ្ជូនលេខកូដផ្ទៀងផ្ទាត់ ឬតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់។
- បង្ហោះលេខកូដចៃដន្យសម្រាប់អ្នកប្រើប្រាស់មានរោគសញ្ញាវិជ្ជមាន ដែលបានជ្រើសរើសជូនដំណឹងទៅអ្នកដទៃ។
Department of Health (DOH, ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោនប្រើប្រាស់ព័ត៌មានអំពីព្រឹត្តិការណ៍ខាងលើ ដើម្បីយល់ពីរបៀបដែលកម្មវិធី WA Notify កំពុងត្រូវបានប្រើប្រាស់។ ទិន្នន័យនេះអាចចែករំលែកជាមួយ DOH អង្គភាពសុខភាពសាធារណៈ ឬអាជ្ញាធរសុខភាពដែលមានសិទ្ធិ។ គេក៏អាចប្រើវាក្នុងទម្រង់ជារួមក្នុងគោលបំណងស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ឬស្ថិតិផងដែរ។ ព័ត៌មាននេះមិនរួមបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ឬទីតាំង ឬនឹងប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់កម្មវិធី WA Notify ទេ។
កម្មវិធី WA Notify ត្រូវបានបង្កើតឡើងដើម្បីការពារឯកជនភាពអ្នកប្រើប្រាស់ជាអាទិភាពចម្បងបំផុត ស្របតាមគោលបំណងរបស់ក្រុមហ៊ុន Google និង Apple។ កម្មវិធី WA Notify បង្កើតសមាសធាតុទិន្នន័យទាំងនេះ ដែលមិនមានទិន្នន័យដែលអាចកំណត់អត្តសញ្ញាណអ្នកបានឡើយ៖
លេខកូដចៃដន្យ
- លេខកូដចៃដន្យត្រូវបានចែករំលែកតាមរយៈប៊្លូធូសរវាងទូរសព្ទស្មាតហ្វូនរបស់អ្នកប្រើប្រាស់កម្មវិធី WA Notify នៅពេលដែលពួកគេនៅជិតគ្នា។
- លេខកូដចៃដន្យត្រូវបានបង្កើតឡើង និងរក្សាទុកក្នុងទូរសព្ទស្មាតហ្វូនរបស់អ្នក មិនមែនរក្សាទុកដោយកម្មវិធី WA Notify នោះទេ។
- លេខកូដចៃដន្យត្រូវបានប្រើប្រាស់គ្រាន់តែដើម្បីអនុញ្ញាតឲ្យកម្មវិធី WA Notify និងទូរសព្ទស្មាតហ្វូនរបស់អ្នកផ្ទៀងផ្ទាត់មើលការប្រឈមទៅនឹងការឆ្លងជំងឺ COVID-19 ដែលអាចកើតមានឡើងតែប៉ុណ្ណោះ។
- លេខកូដចៃដន្យត្រូវបានរក្សាទុករយៈពេល 14 ថ្ងៃជាអតិបរមា។
តំណភ្ជាប់ និងលេខកូដផ្ទៀងផ្ទាត់
- ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ហើយមាននរណាម្នាក់មកពីអាជ្ញាធរសុខភាពសាធារណៈក្នុងមូលដ្ឋានរបស់អ្នកទាក់ទងទៅ គេនឹងសាកសួរថាតើអ្នកកំពុងប្រើប្រាស់កម្មវិធី WA Notify ដែរឬអត់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ គេនឹងផ្ដល់តំណភ្ជាប់ ឬលេខកូដផ្ទៀងផ្ទាត់ឱ្យអ្នក ដើម្បីចូលទៅកាន់កម្មវិធី WA Notify។
- DOH ក៏ផ្ញើការជូនដំណឹងជាផ្ទាំងលោតឡើង និង/ឬសារជាអក្សរដែលមានតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ទៅអ្នកគ្រប់គ្នាដែលថ្មីៗនេះបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ដើម្បីឱ្យអ្នកប្រើប្រាស់កម្មវិធី WA Notify អាចជូនដំណឹងយ៉ាងរហ័ស និងដោយអនាមិកទៅអ្នកប្រើប្រាស់ផ្សេងទៀតអំពីលទ្ធភាពប្រឈមទៅនឹងការឆ្លងជំងឺ។
- ការប៉ះលើការជូនដំណឹង ឬការចុចលើតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់របស់អ្នក អនុញ្ញាតឲ្យចែករំលែកលេខកូដចៃដន្យរបស់អ្នក ដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី WA Notify ដទៃទៀតដែលអ្នកធ្លាប់បាននៅជិត ទទួលបានដំណឹងដោយអនាមិកថាពួកគេអាចប្រឈមទៅនឹងការឆ្លងជំងឺ។
- DOH ផ្ញើសារជាអក្សរដែលមានតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ទៅអ្នកគ្រប់គ្នាដែលធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ព្រោះយើងមិនដឹងថានរណាខ្លះប្រើប្រាស់កម្មវិធី WA Notify នោះទេ។ ប្រសិនបើអ្នកមិនប្រើប្រាស់កម្មវិធី WA Notify អ្នកមិនចាំបាច់អើពើនឹងសារជាអក្សរនេះទេ។
- អ្នកជាអ្នកសម្រេចចិត្តថាត្រូវប៉ះលើការជូនដំណឹង ឬចុចលើតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ ដើម្បីជូនដំណឹងដោយអនាមិកទៅអ្នកប្រើប្រាស់កម្មវិធី WA Notify ដទៃទៀ់តឬអត់។
កំណត់ត្រាអំពីការប្រើប្រាស់
- ដូចគ្នាទៅនឹងកម្មវិធី ឬសេវាអ៊ីនធឺណិតស្ទើតែទាំងអស់ដែរ កម្មវិធី WA Notify បង្កើតកំណត់ត្រាដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់សេវាកម្មនេះ។ កំណត់ត្រាទាំងនេះ រួមបញ្ចូលនូវព័ត៌មានមួយចំនួនអំពីទូរសព្ទស្មាតហ្វូនរបស់អ្នក។ យើងប្រើប្រាស់ព័ត៌មាននេះ ដើម្បីវិភាគដោះស្រាយបញ្ហាជាមួយនឹងកម្មវិធី WA Notify។
- កំណត់ត្រាទាំងនេះមិនរួមបញ្ចូលនូវលេខកូដចៃដន្យ ឬតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ ឬលេខកូដនោះទេ និងមិនអាចប្រើដើម្បីភ្ជាប់ប្រភេទលេខកូដណាមួយទៅអ្នក ឬទូរសព្ទស្មាតហ្វូនរបស់អ្នកវិញឡើយ។
- កំណត់ត្រាទាំងនេះត្រូវបានលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីវាត្រូវបានបង្កើតឡើង។
ទិន្នន័យវិភាគ
- ប្រសិនបើអ្នកជ្រើសរើសបើកដំណើរការកម្មវិធីវិភាគទិន្នន័យបន្ថែម ទិន្នន័យរួមដែលមានដែនកំណត់ នឹងត្រូវបានចែករំលែកជាមួយ DOH ដើម្បីជួយកែលម្អកម្មវិធីនេះ។
- ទិន្នន័យនេះរួមបញ្ចូលនូវស្ថិតិអំពីរបៀបដែលគេប្រើប្រាស់កម្មវិធីនេះ។ វាមិនរួមបញ្ចូលព័ត៌មានណាមួយដែលអាចយកទៅប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណអ្នកនោះទេ។
- អ្នកអាចជ្រើសរើសមិនចែករំលែកទិន្នន័យនេះបាន ដោយបិទការចែករំលែកការវិភាគទិន្នន័យនៅក្នុងកម្មវិធីនេះ។
តាមការរចនា កម្មវិធី WA Notify មិនប្រមូលទិន្នន័យទីតាំងពីទូរសព្ទស្មាតហ្វូនរបស់អ្នកទេ ហើយមិនប្រមូល ឬចែករំលែកព័ត៌មានដែលភ្ជាប់អ្នក ឬទូរសព្ទស្មាតហ្វូនរបស់អ្នកទៅនឹងលេខកូដចៃដន្យ ឬលេខកូដសម្រាប់ផ្ទៀងផ្ទាត់នោះទេ។
អ្វីដែលកើតឡើងនៅពេលអ្នកស្នើសុំលេខកូដផ្ទៀងផ្ទាត់៖
អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ដោយខ្លួនឯងអាចស្នើសុំលេខកូដផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី WA Notify ដើម្បីជូនដំណឹងដោយអនាមិកទៅអ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតអំពីលទ្ធភាពប្រឈមទៅនឹងការឆ្លងជំងឺ។ ដើម្បីទទួលបានលេខកូដផ្ទៀងផ្ទាត់ អ្នកប្រើប្រាស់កម្មវិធី WA Notify ត្រូវតែបញ្ចូលកាលបរិច្ឆេទនៃលទ្ធផលធ្វើតេស្តវិជ្ជមាន និងលេខទូរសព្ទរបស់ខ្លួន។ អ្នកត្រូវតែប្រើឧបករណ៍តែមួយដែលបានប្រើដើម្បីស្នើសុំលេខកូដនេះមកបញ្ចូលលេខកូដផ្ទៀងផ្ទាត់ ឬចុចលើតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ ដើម្បីជូនដំណឹងដោយអនាមិកទៅអ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតអំពីលទ្ធភាពប្រឈមទៅនឹងការឆ្លងជំងឺ។
ដើម្បីបញ្ចៀសកុំឱ្យមានរបាយការណ៍ស្ទួនអំពីលទ្ធផលធ្វើតេស្តដូចគ្នា កម្មវិធី WA Notify រក្សាទុកលេខទូរសព្ទដែលបានប្រើដើម្បីស្នើសុំលេខកូដនេះក្នុងទម្រង់ជាគ្រីបតូសាស្ត្រដែលត្រូវបានការពារជាបណ្ដោះអាសន្នរហូតដល់ 90 ថ្ងៃ។ ព័ត៌មាននេះនឹងមិនរួមបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ឬទីតាំង ឬនឹងប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់កម្មវិធី WA Notify ទេ។
តើយើងចែករំលែកព័ត៌មានរបស់អ្នកនៅពេលណា?
យើងនឹងមិនប្រមូលឬចែករំលែកព័ត៌មានណាមួយរបស់អ្នកដោយស្ម័គ្រចិត្តទៅនរណាម្នាក់នោះទេ លុះត្រាតែអ្នកជ្រើសរើសបញ្ចូលលេខកូដផ្ទៀងផ្ទាត់ ឬចុចលើតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់។ បើអ្នកធ្វើដូច្នោះ កម្មវិធី WA Notify នឹងចែករំលែកលេខកូដចៃដន្យរបស់អ្នកជាមួយនឹងទូរសព្ទស្មាតហ្វូនផ្សេងទៀតដែលនៅជិតទូរសព្ទស្មាតហ្វូនរបស់អ្នក។ នរណាម្នាក់ដែលមិនមានសិទ្ធិប្រើទូរសព្ទស្មាតហ្វូនរបស់អ្នកមិនអាចភ្ជាប់លេខកូដ ឬតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ទៅអ្នកវិញឡើយ។ សូមពិនិត្យមើលផ្នែក “តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល និងប្រើប្រាស់?” នៅខាងលើនៃទំព័រនេះ ដើម្បីស្វែងយល់បន្ថែមអំពីព័ត៌មានដែលត្រូវបានប្រមូល និងប្រើប្រាស់នៅក្នុងកម្មវិធី WA Notify។
តើយើងការពារព័ត៌មានរបស់អ្នកយ៉ាងដូចម្តេច?
កម្មវិធី WA Notify ការពារលេខកូដចៃដន្យដោយប្រើ Exposure Notification Framework (ក្របខណ្ឌកម្មវិធីជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ) របស់ក្រុមហ៊ុន Google និង Apple ដែលរួមបញ្ចូលលក្ខខណ្ឌតម្រូវជាក់លាក់ខ្លាំងអំពីរបៀបបំប្លែង និងផ្ទេរលេខកូដទាំងនោះ។ កម្មវិធី WA Notify មិនរក្សាទុក ឬបង្កើតលេខកូដចៃដន្យរបស់អ្នកទេ ពោលគឺទូរសព្ទស្មាតហ្វូនរបស់អ្នកជាអ្នករក្សាទុក ឬបង្កើតលេខកូដចៃដន្យទាំងនោះ។
សិទ្ធិរបស់អ្នកលើព័ត៌មានរបស់អ្នក
ដោយសារកំណត់ត្រាកម្មវិធី និងលេខកូដផ្ទៀងផ្ទាត់ មិនអាចភ្ជាប់ទៅអ្នកដោយមិនមានសិទ្ធិប្រើទូរសព្ទស្មាតហ្វូនរបស់អ្នក នោះ DOH គ្មានផ្លូវអាចចូលប្រើព័ត៌មាននេះបានឡើយ។ អាស្រ័យហេតុនេះ DOH មិនអាចផ្ដល់ឱ្យអ្នក ឬលុបព័ត៌មាននេះ ប្រសិនបើអ្នកស្នើសុំបានទេ។ អ្នកជាអ្នកគ្រប់គ្រងលើការប្រើប្រាស់កម្មវិធី WA Notify។ ទូរសព្ទស្មាតហ្វូនរបស់អ្នកគួរតែអនុញ្ញាតឲ្យអ្នកបិទការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ ឬលុបកំណត់ត្រាអំពីការប្រឈមនឹងការឆ្លងជំងឺដែលបានរក្សាទុកនៅលើទូរសព្ទស្មាតហ្វូនរបស់អ្នកបានគ្រប់ពេល។ លើសពីនេះទៀត អ្នកអាចលុបកម្មវិធី WA Notify បានគ្រប់ពេល។ ប្រសិនបើអ្នកលុបកម្មវិធី រាល់លេខកូដចៃដន្យទាំងអស់ដែលបានរក្សាទុក នឹងត្រូវលុបចោល។