ងាយស្រួលរាយការណ៍អំពីលទ្ធផលធ្វើតេស្តឃើញវិជ្ជមាននៅផ្ទះរបស់អ្នក
អ្នកដែលបានទិញឧបករណ៍ធ្វើតេស្តនៅតាមហាងនានា ហើយទទួលបានលទ្ធផលវិជ្ជមាន គួរតែហៅទៅខ្សែទូរសព្ទបន្ទាន់សម្រាប់ជំងឺ COVID-19 លេខ 1-800-525-0127 រួចចុចលេខ 7។ នៅពេលមានអ្នកលើកទូរសព្ទ សូមប្រាប់ភាសារបស់អ្នក ដើម្បីប្រើសេវាកម្មបកប្រែផ្ទាល់មាត់។ ខ្សែទូរសព្ទបន្ទាន់នេះបើកដំណើរការនៅថ្ងៃចន្ទ ពីម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់ និងពីថ្ងៃអង្គារ៍ដល់ថ្ងៃអាទិត្យ (ព្រមទាំងថ្ងៃឈប់សម្រាកដែលត្រូវបានលើកថ្ងៃ) ពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាច។
មូលហេតុនៃការធ្វើតេស្ត
ការធ្វើតេស្តអាចជួយសង្គ្រោះជីវិតជាច្រើន។ ការធ្វើតេស្តអាចឱ្យមនុស្សចាត់វិធានការប្រុងប្រយ័ត្នជាមុន ដូចជាធ្វើចត្តាឡីស័កបានទាន់ពេលវេលា ដើម្បីកុំឱ្យវីរុសឆ្លងរាលដាល។ មនុស្សដែលបានឆ្លងជំងឺប៉ុន្តែគ្មានរោគសញ្ញានៅតែអាចចម្លងវីរុសបាន។ ការធ្វើតេស្តក៏អាចជួយមន្ត្រីសុខាភិបាលសាធារណៈក្នុងការសម្គាល់ និងឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺ ក៏ដូចជាតាមដានប្រភេទវីរុសបំប្លែងខ្លួនថ្មីបានផងដែរ។ ការធ្វើតេស្តគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យបន្តសកម្មភាពជាប្រក្រតី។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Washington និង Department of Health (DOH, ក្រសួងសុខាភិបាល) បានរកឃើញថាការធ្វើតេស្តរកមើលជំងឺ COVID-19 និងការតាមដានតាមរយៈ WA Notify (ការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) ទំនងជាបានបង្ការប្រហែល 6,000 ករណីពីខែធ្នូ ឆ្នាំ 2020 ដល់ខែមីនា ឆ្នាំ 2021។
ពេលដែលត្រូវធ្វើតេស្ត
ត្រូវស្វះស្វែងធ្វើតេស្ត ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺ COVID-19 ឬបានប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលប្រហែលជាមានផ្ទុកជំងឺ COVID-19។ អ្នកគួរតែធ្វើតេស្តភ្លាមៗ ប្រសិនបើមានរោគសញ្ញា ឬធ្វើតេស្តនៅ 3-5 ថ្ងៃ បន្ទាប់ពីសង្ស័យថាប្រឈមនឹងការឆ្លងជំងឺ ទោះបីជាអ្នកគ្មានរោគសញ្ញាណាមួយក៏ដោយ។
កន្លែងត្រូវធ្វើតេស្ត
គេហទំព័ររបស់ Department of Health នៃរដ្ឋវ៉ាស៊ីនតោនរក្សាបញ្ជីទីតាំងធ្វើតេស្ត (ជាភាសាអង់គ្លេស) នៅខោនធីនីមួយៗ ដោយមានបញ្ជាក់ពីម៉ោងធ្វើការ និងលក្ខខណ្ឌតម្រូវ។ សម្រាប់ព័ត៌មានបន្ថែមអំពីទីតាំងធ្វើតេស្ត សូមទូរសព្ទទៅលេខ 2-1-1។ ឧបករណ៍ធ្វើតេស្តក៏មានសម្រាប់បញ្ជាទិញនៅតាមហាង និងឱសថស្ថាននានាផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើតេស្តនៅផ្ទះ។
ស្វែងរកទីតាំងធ្វើតេស្តនៅជិតខ្ញុំ (ជាភាសាអង់គ្លេស)
ប្រភេទនៃការធ្វើតេស្ត
ការធ្វើតេស្តដែលអាចធ្វើទៅបាននាពេលបច្ចុប្បន្នរួមមាន ការធ្វើតេស្តអង់ទីសែនរហ័ស ការធ្វើតេស្តម៉ូលេគុល (ទាំងនៅមន្ទីរពិសោធន៍ និងនៅកន្លែងថែទាំផ្ទាល់) និងការធ្វើតេស្តមួយចំនួនដោយខ្លួនឯងនៅផ្ទះ។ សម្ភារៈធ្វើតេស្តជាក់លាក់មានភាពខុសគ្នាទៅតាមតម្រូវការ និងលទ្ធភាពរបស់ក្រុមហ៊ុនផលិត។
- ការធ្វើតេស្តរកមើលជំងឺ COVID-19៖ តើវាមានន័យដូចម្ដេចចំពោះខ្ញុំ? (ជាភាសាអង់គ្លេស)
ថ្លៃចំណាយ
ការធ្វើតេស្តនៅទីតាំងធ្វើតេស្តដែលមានជំនួយពីរដ្ឋ ឬខោនធីពុំមានការបង់ប្រាក់ឡើយ។ ការធ្វើតេស្តជាច្រើន ជាពិសេសសម្រាប់មនុស្សដែលមានរោគសញ្ញា អាចទូទាត់វិក្កយបត្រទៅក្រុមហ៊ុនធានារ៉ាប់រង ឬមានជំនួយហិរញ្ញវត្ថុពី Department of Health។ ទីតាំងធ្វើតេស្តដែលគិតថ្លៃសេវាត្រូវបានបញ្ជាក់នៅក្នុងបញ្ជី។ ការធ្វើតេស្តនៅពេលធ្វើដំណើរភាគច្រើនមិនត្រូវបានធានារ៉ាប់រង ឬមិនមែនជាកម្មវិធីដែលមានជំនួយពីរដ្ឋទេ។
ដំណើរការនៃការធ្វើតេស្ត
ការធ្វើតេស្តភាគច្រើនធ្វើឡើងដោយប្រើតម្បាររន្ធច្រមុះ។ ការធ្វើតេស្តមួយចំនួនអាចធ្វើឡើងដោយយកទឹកមាត់។ ព័ត៌មានលម្អិតបន្ថែមមាននៅលើទំព័រសំណួរចោទសួរជាញឹកញាប់អំពីការធ្វើតេស្ត។
បន្តតាមដាន
សម្រាកនៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើបាន ប្រសិនបើអ្នកមានរោគសញ្ញា។ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក (តាមគោលការណ៍ណែនាំរបស់ DOH/Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ)) និងស្វែងរកជំនួយតាមរយៈកម្មវិធី Care Connect។