ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 យើងមានដំណឹងល្អដោយអ្នកអាចអនុវត្តតាមជំហាននានា ដើម្បីជួយរក្សាសុវត្ថិភាពខ្លួនអ្នក និងអ្នកដទៃ។
ប្រការដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន
នៅផ្ទះ និងនៅឆ្ងាយពីអ្នកដទៃ។ អនុវត្តតាមការណែនាំថ្មីៗបំផុតអំពីការនៅដាច់ដោយឡែក (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ពី Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) និង Washington State Department of Health (DOH, ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោន។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងពេលដែលអ្នកកំពុងនៅដាច់ដោយឡែក អ្នកអាចទទួលជំនួយពីកម្មវិធី Care Connect Washington។
- ដាក់ខ្លួនអ្នកឱ្យនៅដោយឡែកពីអ្នកដទៃនៅក្នុងផ្ទះរបស់អ្នក។ ប្រសិនបើអាច អ្នកគួរស្នាក់នៅបន្ទប់ដោយឡែកពីមនុស្សដែលអ្នករស់នៅជាមួយ និងប្រើបន្ទប់ទឹកផ្សេងគ្នា។
តាមដានរោគសញ្ញារបស់អ្នក។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរ ឬអ្នកមានរោគសញ្ញាថ្មីដែលធ្វើឱ្យអ្នកព្រួយបារម្ភ សូមទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ទូរសព្ទទៅលេខ 9–1–1 ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាព្រមានឱ្យសង្គ្រោះបន្ទាន់នៃជំងឺ COVID-19៖
- ពិបាកដកដង្ហើម
- ឈឺទ្រូង ឬណែនទ្រូងមិនបាត់
- វង្វេងស្មារតីភ្លាមៗ
- អសមត្ថភាពក្នុងការឆ្លើយតប
- ស្បែក បបូរមាត់ ឬគល់ក្រចកមានសភាពស្លេកស្លាំង មានពណ៌ប្រផេះ ឬខៀវអាស្រ័យលើពណ៌ស្បែក
ពាក់ម៉ាស់ដើម្បីខ្ទប់ច្រមុះនិងមាត់របស់អ្នក ប្រសិនបើអ្នកត្រូវការនៅក្បែរអ្នកដទៃ សូម្បីតែនៅផ្ទះ។ អ្នកផ្សេងទៀតនៅក្នុងគ្រួសាររបស់អ្នកក៏គួរតែពាក់ម៉ាស់ដែរ។
- ប្រសិនបើអាច គួរប្រើម៉ាស់ប្រភេទ KN95 ឬម៉ាស់ពេទ្យដែលមាន 3 ស្រទាប់។
- ត្រូវប្រាកដថាម៉ាស់របស់អ្នកតឹងណែនល្មម គ្មានប្រឡោះ។ ដើម្បីឱ្យកាន់តែតឹងណែនល្អ កួចខ្សែម៉ាស់ត្រង់កន្លែងតភ្ជាប់ពីមុខម៉ាស់។ អ្នកក៏អាចពាក់ម៉ាស់ពីរបានផងដែរ ដើម្បីកុំឱ្យមានប្រឡោះ។ មើលវីដេអូខ្លីអំពីរបៀបកែសម្រួលម៉ាស់ឱ្យកាន់តែតឹងណែនល្អ (ជាភាសាអង់គ្លេស)។
ជូនដំណឹងដល់អ្នកដទៃ ដើម្បីបញ្ឈប់ការឆ្លងរាលដាល។ ទាក់ទងទៅមនុស្សដែលបានប៉ះពាល់ផ្ទាល់ (ជាភាសាអង់គ្លេស) និងប្រាប់ពួកគេឱ្យដឹងថា ពួកគេអាចប្រឈមនឹងការឆ្លងជំងឺ COVID-19។ នរណាម្នាក់ដែលបានឆ្លងអាចចម្លងជំងឺ COVID-19 សូម្បីនៅមុនពេលមានរោគសញ្ញាទៅទៀត។ នៅពេលអ្នកជូនដំណឹងទៅមនុស្សដែលអ្នកបានប៉ះពាល់ផ្ទាល់ ពួកគេអាចធ្វើតេស្ត និងធ្វើចត្តាឡីស័កឬនៅដាច់ដោយឡែកប្រសិនបើចាំបាច់ ដើម្បីជៀសវាងការឆ្លងរាលដាលវីរុសទៅអ្នកដទៃ។
- ប្រសិនបើអ្នកបានធ្វើតេស្តនៅផ្ទះ ត្រូវរាយការណ៍អំពីលទ្ធផលវិជ្ជមានរបស់អ្នកទៅខ្សែទូរសព្ទបន្ទាន់អំពីជំងឺ COVID-19 របស់រដ្ឋវ៉ាស៊ីនតោនលេខ 1–800–525–0127។ ការរាយការណ៍នេះរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងតាមដានការប៉ះពាល់ (ជាភាសាអង់គ្លេស) និងបង្ការមិនឱ្យជំងឺនេះបន្តឆ្លងរាលដាលក្នុងសហគមន៍យើង។ ខ្សែទូរសព្ទនេះបើកដំណើរការនៅថ្ងៃចន្ទ ពីម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់ និងពីថ្ងៃអង្គារ៍ដល់ថ្ងៃអាទិត្យ (ព្រមទាំងថ្ងៃឈប់សម្រាកដែលត្រូវបានលើកថ្ងៃ) ពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាច។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។
- ប្រសិនបើអ្នកបានធ្វើតេស្តនៅផ្ទះ សូមស្នើសុំលេខកូដផ្ទៀងផ្ទាត់តាមរយៈ WA Notify (កម្មវិធីជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) ដើម្បីជូនដំណឹងជាលក្ខណៈអនាមិកទៅអ្នកប្រើប្រាស់ WA Notify ផ្សេងទៀតដែលអាចប្រឈមនឹងការឆ្លងជំងឺ។
ទាក់ទងទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក — ប្រសិនបើអ្នកមានអ្នកផ្ដល់សេវានេះ — ឬគ្លីនិកសុខភាពក្នុងតំបន់ ដើម្បីសុំការណែនាំពីគ្រូពេទ្យ។ ពួកគេអាចផ្ដល់ការណែនាំមួយចំនួនអំពីរបៀបរក្សាផាសុកភាព ខណៈដែលអ្នកកំពុងធូរស្បើយ។ ពួកគេក៏នឹងប្រាប់អ្នកអំពីរោគសញ្ញានៃជំងឺធ្ងន់ធ្ងរដែលត្រូវតាមដាន ដើម្បីឱ្យអ្នកអាចទទួលបានការថែទាំបន្ថែម ប្រសិនបើអ្នកត្រូវការ។
ធ្វើឱ្យខ្យល់ចេញចូលក្នុងកន្លែងរបស់អ្នកឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ ប្រសិនបើអាច គួរបើកបង្អួច បើកកង្ហារដោយកំណត់ទែម៉ូស្តាតទៅកម្រិតខ្ពស់ ប្ដូរតម្រង HVAC ឬប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ HEPA។
ទោះបីជាអ្នកបានធូរស្បើយពីជំងឺ COVID-19 និងអាចបញ្ចប់រយៈពេលនៅដាច់ដោយឡែករបស់អ្នកក៏ដោយ អ្វីដែលសំខាន់គឺត្រូវបន្តការពារខ្លួនអ្នក និងអ្នកដទៃ។ អ្នកអាចការពារខ្លួនអ្នក និងអ្នកដទៃបានដោយចាក់វ៉ាក់សាំងជំងឺ COVID-19 និងដូសជំរុញ ពាក់ម៉ាស់នៅទីសាធារណៈ ជៀសវាងការជួបជុំគ្នាច្រើន លាងសម្អាតដៃ និងបើកកម្មវិធី WA Notify នៅលើទូរសព្ទស្មាតហ្វូនរបស់អ្នក។